Home ព័ត៌មានអន្តរជាតិ ចិន ផ្ទុះកំហឹងដាក់ប្រធានសភាសហរដ្ឋអាមេរិក ជួបប្រធានាធិបតីតៃវ៉ាន់

ចិន ផ្ទុះកំហឹងដាក់ប្រធានសភាសហរដ្ឋអាមេរិក ជួបប្រធានាធិបតីតៃវ៉ាន់

54
0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រុងប៉េកាំង បានព្រមានធ្ងន់ៗ ប្រឆាំងនឹងជំនួប រវាងលោកស្រី ប្រធានាធិបតីតៃវ៉ាន់ និង លោកប្រធានសភារបស់សហរដ្ឋអាមេរិក ប៉ុន្ដែមេដឹកនាំទាំង២នេះ នៅតែបន្ដជួបគ្នា ធ្វើឲ្យចិន ចោទប្រកាន់ ពីការរំលោភបំពានលើ «គោលការណ៍ចិនតែមួយ»។

សារព័ត៌មាន The Wall Street Journal បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ថា លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោកខេវិន ម៉ាកខាធី (Kevin McCarthy) ប្រធានសភាសហរដ្ឋអាមេរិក បានជួបជាមួយនឹង នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ក្រោយកិច្ចប្រជុំ នាំឲ្យមានការថ្កោលទោស និងការគំរាមកំហែងសងសឹកពីក្រុងប៉េកាំង នោះ មេដឹកនាំទាំង២ បានសាទរ ចំពោះទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និង តៃវ៉ាន់។ ក្រុងប៉េកាំង តែងតែអះអាង ថា ដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបប្រជាធិបតេយ្យមួយនេះ ជាទឹកដីរបស់ចិន។

លោកប្រធានសភាសហរដ្ឋអាមេរិក និង លោកស្រី ប្រធានាធិបតីតៃវ៉ាន់ បានអង្គុយចរចាគ្នា នៅក្នុងកិច្ចប្រជុំនយោបាយកម្រិតខ្ពស់បំផុត កាលពីថ្ងៃពុធ នៅក្នុងបណ្ណាល័យប្រធានាធិបតី រ៉ូណាល់ រីហ្គេន (Ronald Reagan) ស្ថិតក្នុងទីក្រុងស៊ីមី វ៉ាលឡេ (Simi Valley) មានចម្ងាយប្រហែល ៥៥គីឡូម៉ែត្រ ពីទីក្រុងឡូសអេជើឡែស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំបិទទ្វារនេះ ធ្វើឲ្យលោក ម៉ាកខាធី ក្លាយជាមន្រ្ដីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក លើកទី១ បានជួបចរចាគ្នា ជាមួយនឹងមដឹកនាំតៃវ៉ាន់ នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៧៩ គឺជាឆ្នាំ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបង្កើតចំណងទំនាក់ទំនងការទូត ជាមួយនឹងប្រទេសចិន ដែលមានឈ្មោះជាផ្លូវការ «សាធារណរដ្ឋប្រជាមានិតចិន»។

លោកប្រធានសភា ខេវិន ម៉ាកខាធី (Kevin McCarthy) បានបញ្ជាក់ ថា «លោកស្រី ប្រធានាធិបតី សៃ អ៊ីង-វ៉ិន ជាមហាមិត្តរបស់អាមេរិក។ ខ្ញុំមានសុទិដ្ឋិនិយម ថា យើងនឹងបន្ដស្វែងរកវិធីសាស្រ្ដជាច្រើន សម្រាប់ពលរដ្ឋអាមេរិកាំង និង តៃវ៉ាន់ ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ ដល់សេរីភាពសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ សន្ដិភាព និង ស្ថិរភាព»។

ស្របគ្នានេះ លោកស្រី សៃ ប្រធានាធិបតីតៃវ៉ាន់ បានថ្លែងអំណរគុណ ដល់ប្រធានសភាសហរដ្ឋអាមេរិក ចំពោះការធ្វើបដិសណ្ឋារកិច្ចរបស់គាត់។ លោកស្រី ប្រធានាធិបតី បានហៅសកម្មភាពបែបនេះ ថា ការផ្ដល់នូវភាពកក់ក្តៅយ៉ាងខ្លាំង ប្រៀបប្រដូចនឹងពន្លឺព្រះអាទិត្យ កំពុងតែរះឡើង នៅលើរដ្ឋកាលីហ្វ័រញ៉ា។ ក្រៅពីនេះ លោកស្រី ក៏បានថ្លែងអំណរគុណ ដល់គណៈប្រតិភូសភាអាមេរិក ដោយបានបញ្ជាក់ ថា «ខ្ញុំពិតជារីករាយណាស់ សម្រាប់ការផ្ដល់នូវភាពកក់ក្ដៅ ពីសហរដ្ឋអាមេរិក»។

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានរិះគន់ ចំពោះការឈប់សំចតរបស់លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នៅលើទឹកដីសហរដ្ឋអាមេរិក ព្រោះវាជាផ្នែកមួយ នៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជាសម្ពន្ធមិត្ត ដូចជា ហ្គោតេម៉ាឡា (Guatemala) និង បេលីស(Belize)។ ចិន បានថ្កោលទោស ចំពោះជំនួប រវាងប្រធានសភាអាមេរិក និង ប្រធានាធិបតីតៃវ៉ាន់ ដោយចាត់ទុកជាមេដឹកនាំ ក្រុមបំបែកខ្លួន ចង់បានឯករាជ្យ សម្រាប់កោះតៃវ៉ាន់។

ការបញ្ចេញប្រតិកម្មប្រឆាំងរបស់ប្រទេសចិន នាពេលនេះ ក៏មិនមែនជាលើកទីមួយនោះដែរ ព្រោះកន្លងមក ក្រុងប៉េកាំង ធ្លាប់ខឹងសម្បាយ៉ាងខ្លាំង ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ខណៈគាត់នៅកាន់តំណែង ជាប្រធានសភាសហរដ្ឋអាមេរិក បានទៅកាន់កោះតៃវ៉ាន់ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២។ ជាមួយនឹងប្រតិកម្មដ៏ខ្លាំងក្លានោះ ក្រុងប៉េកាំង ក៏បានបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំង រាប់សិបគ្រឿង ឡោមព័ទ្ធកោះតៃវ៉ាន់ ចំនួន៦កន្លែង ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត។ នៅក្នុងចំណោមមីស៊ីលទាំងនោះ មានមីស៊ីលមួយគ្រាប់ បានធ្លាក់ចូលដែនទឹករបស់ជប៉ុន រហូតធ្វើឲ្យក្រុងតូក្យូ បញ្ចេញប្រតិកម្មយ៉ាងខ្លាំងថែមទៀតផង៕