Home ព័ត៌មានអន្តរជាតិ ចិន និងឥណ្ឌូណេស៊ីប្រជុំពង្រឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ចិន និងឥណ្ឌូណេស៊ីប្រជុំពង្រឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

81
0

ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែមេសា លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសរបស់គណបក្សកុម្មុយនិស្តចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការលំដាប់កំពូលលើកទី៣ ជាមួយមន្ត្រីតំណាងមកពីប្រទេសឥណ្ឌូណេស៊ី ដែលដឹកនាំដោយលោក Luhoot Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ នៅទីក្រុងប៉េកាំង ប្រទេសចិន ។

លោក Wang Yi បានថ្លែងថា ប្រទេសចិនបានត្រៀមខ្លួនធ្វើការជាមួយឥណ្ឌូណេស៊ី ដើម្បីពង្រឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា រួមទាំងពង្រីកកិច្ចសហការក្នុងផ្នែកផ្សេងៗបន្ថែមទៀត មិនថាផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចការសមុទ្រ ក្នុងគោលបំណងផ្តល់ប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេសរួមគ្នា ហើយប្រទេសទាំងពីរនឹងបង្កើតភាពរុងរឿងក្នុងតំបន់ផងដែរ ។ ក្រៅពីនេះ ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនៃ «គម្រោងផ្លូវ១ ខ្សែក្រវាត់១» នៅឆ្នាំ២០២៣នេះ ប្រទេសចិនបានតាំងចិត្តសហការជាមួយឥណ្ឌូណេស៊ីទៅលើ «គម្រោងផ្លូវ១ ខ្សែក្រវាត់១» បន្តទៀត ។

លោក Wang Yi ក៏បានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហការស្វែងរកប្រាក់វិនិយោគដើម្បីអភិវឌ្ឍន៍ផ្នែកថាមពលបៃតង និងសន្តិសុខស្បៀងផងដែរ ។ លើសពីនេះ ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហការផ្នែកសមុទ្រ និងបង្កើនកិច្ចសហការទ្វេភាគីផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ។

ចំណែកលោក Luhoot Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ីថ្លែងថា ចិនត្រូវបានចាត់ទុកជាប្រទេសដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ឥណ្ឌូណេស៊ី ហើយវាគួរឱ្យរីករាយណាស់ដែលភាគីទាំងពីរនឹងធ្វើការរួមគ្នាស្ថិតក្រោមគម្រោងផ្លូវ១ ខ្សែក្រវាត់១ ។ ភាគីទាំងពីរក៏មានផែនការចាប់ផ្តើមអភិវឌ្ឍន៍ពិភពលោករបស់ចិន ដើម្បីពង្រឹងស្មារតីរួមនៃសហគមន៍មួយមានអនាគតរួមគ្នា ៕ ប្រភព ៖ TNN World