លោកជំទាវ តាំង ហ្គិចលៀង អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប និងជាប្រធានក្លឹបស្រ្តីកម្ពុជា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃចំពោះការវែកញែករឿង «អ្នកមានអ្នកក្រ» រហូតថ្នាក់ដឹកនាំបានចេញសារពិសេសស្នើឱ្យបញ្ឍប់ការវាយប្រហារលើពាក្យនេះបន្តទៀត។
យ៉ាងណាមិញ នៅយប់ថ្ងៃទី៤ ខែមេសា នៅលើផេករបស់លោកជំទាវ តាំង ហ្គេចលៀង បានបញ្ចេញសារថ្មីមួយទៀត ដោយទទួលស្គាល់កំហុសការអធិប្បាយរបស់ខ្លួន និងស្នើឱ្យមហាជនឈប់វែកញែកបន្តទៀត ខណៈពេលនេះលោកជំទាវ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងរួចរាល់ហើយនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាពីជនឆ្លៀតឱកាសមួយចំនួនបានលួចបន្លំគណនីផេករបស់លោកជំទាវ។
អគ្គនាយិកាក្រុមហ៊ុន H&L គ្រុប ខាងលើនេះបានរៀបរាប់ទាំងស្រុងថា «ចា៎ជំរាបសួរ បងប្អូនខ្មែរទាំងអស់ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខ្ញុំសុំអង្វរបងប្អូនទាំងអស់គ្នាថា គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហើយ ដោយសារខ្ញុំខ្សោយនូវសិល្ប: និងអក្សរសាស្ត្រខ្មែរ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ ដែលធ្វើឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត ពិសេសគឺធ្វើឱ្យសម្តេចពុក ហត់នឿយ ច្រើនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ ហេតុនេះនាងខ្ញុំសុំលំអោនកាយសំពះអង្វរ បងប្អូនទាំងអស់មេត្តា ខន្តីអភ័យទោស ដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ ពិសេសសូមបងប្អូន មេត្តាគោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក (សម្តេចតេជោ)ផង»។
លោកជំទាវ តាំង ហ្គិចលៀង បន្តទៀតថា «ដោយសារប៉ុន្មានថ្ងៃនេះ មានការលួចក្លែងបន្លំផេករបស់នាងខ្ញុំ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសច្ចេកវិទ្យា នៅក្រសួងមហាផ្ទៃ រួចរាល់ហើយព្រឹកនេះ
ហេតុនេះសូមបងប្អូនមេត្តាបញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ ដើម្បីជួយរក្សានូវសណ្នាប់ធ្នាប់ សន្តិសុខសង្គម ព្រោះនាងខ្ញុំ និងបងប្អូនសុទ្ធតែជាខ្មែរដូចគ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ហេតុនេះការផ្តល់នូវអភ័យឲ្យគ្នាទៅវិញទៅមក គឺជាបុណ្យកុសលធំធេងណាស់ ព្រោះលើលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត និងកែរប្រែនូវកំហុសនោះឯង…. ។
នាងខ្ញុំសូមគោរពអរគុណបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រខ្ញុំទាំងអស់ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អ ល្អ ផ្សេងៗគ្នាអោយនាងខ្ញុំ កាន់តែរឹងមាំ និងល្អប្រសើរទៅអនាគតសូមបងប្អូនទាំងអស់ មេត្តាអភ័យទោស និងសូមចូលរួមរក្សានូវសណ្តាប់ធ្នាប់សង្គម ដើម្បីរស់នៅក្រោមដំបូលសន្តិភាព និងអភិវឌ្ឍសង្គម និងក្រុមគ្រួសារយើងទាំងអស់គ្នា»។
ភ្ជាប់ជាមួយខ្លឹមសារខាងលើ មកទល់ពេលនេះលោកជំទាវ ហ្គិចលៀង បានសម្រេចចិត្ត disable ផេកផ្លូវការរបស់ខ្លួនមួយរយៈផងដែរ៕










