ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានចូលរួមជាមួយវិស័យឯកជនថៃ ដើម្បីជំរុញការវិនិយោគ និងត្រៀមខ្លួនជាស្រេចដើម្បីពង្រីកឱកាសពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
បាងកក: ថ្ងៃទី២៨ ខែមីនា ២០២៣ក្រោមការសហការជាមួយក្រសួងពាណិជ្ជកម្ម និង ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council: TCBC) សហការជាមួយវិស័យឯកជនថៃ បានរៀបចំសិក្ខាសាលា “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Kriangkrai Thiennukul ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសហព័ន្ធឧស្សាហកម្មថៃ ដែលធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ។ សិក្ខាសាលានេះ បានផ្សព្វផ្សាយ និងចែករំលែកព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ក្រោយវិបត្តិកូវីដ-១៩ ជាពិសេស បានឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងកម្ពុជា ដើម្បីសម្រេចឱ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ តម្លៃ ១៥ ពាន់លានដុល្លារ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
ក្នុងឱកាសថ្លែងសុន្ទរកថា ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា សារសំខាន់នៃសិក្ខាសិលាគឺអ្នកវិនិយោគថៃនឹងមានសក្តានុពលក្នុងការស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់អំពីឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តពួកគេឱ្យធ្វើការសិក្សា វិនិយោគ និងពង្រីកការវិនិយោគរបស់ពួកគេ ជាពិសេសលើវិស័យសេដ្ឋកិច្ចជារង្វង់ (circular economy) និងកសិឧស្សាហកម្មនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់។ ឯកឧត្តមក៏បាន ស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចថៃ សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានយកឱកាសនេះ អញ្ជើញវិស័យឯកជនពាក់ព័ន្ធ។
ជាមួយគ្នានោះដែរ លោក Kriangkrai Thiennukul ប្រធានគណៈកម្មការចម្រុះនៃស្ថាប័នវិស័យឯកជនចំនួន៣ (JSCCIB) រួមមានសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងសមាគមធនាគារថៃ និង លោក Sanan Angubolkul ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បានបង្ហើបថា សិក្ខាសាលានេះ វាឆ្លុះបញ្ចាំងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសថៃ និងកម្ពុជា ក្នុងសិក្ខាសាលានេះពិតជាទទួលបានកិត្តិយសដ៏ធំធេង ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាបានចូលរួមក្នុងសិក្ខាសាលា។ ហើយនៅក្នុងសិក្ខាសាលានេះ ក៏មានទាំងអ្នកជំនួញ ទាំងថៃ និងកម្ពុជា បានប្រមូលផ្តុំគ្នាចូលរួមនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) ដែលជាគ្រឹះស្ថានអប់រំដែលមានភាពលេចធ្លោក្នុងការលើកកម្ពស់ឧត្តមភាពក្នុងការប្រកបអាជីវកម្ម។ ក្នុងនាមសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ពិតជាមានមោទកភាពយ៉ាងក្រៃលែង សម្រាប់ការរៀបចំព្រឹត្តិការណ៍ក្នុងថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ កន្លងមកនេះ។
លោក Sanan ក៏បានមានប្រសាសន៍ថា ដោយមានការប្ដេជ្ញាចិត្ត និងកិច្ចសហការពីគ្រប់ភាគី អាចជឿជាក់បានថាសិក្ខាសាលាថ្ងៃនេះនឹងក្លាយជាការចាប់ផ្តើមនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការនៃវិស័យឯកជនថៃ និងរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ និងបង្កើនតម្លៃសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោក Woratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានចូលរួមផ្តល់សុន្ទរកថា និងមានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលាគឺផ្តល់ចំណេះដឹង និងការយល់ដឹងអំពីការធ្វើអាជីវកម្មជាមួយកម្ពុជាក្នុងអំឡុងពេលក្រោយការរីករាលដាលនៃមេរោគកូវីដ-១៩ ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាច្បាប់ពាណិជ្ជកម្ម ការវិនិយោគ និងការការពារអ្នកប្រើប្រាស់សំខាន់ៗថ្មីរបស់កម្ពុជា។ ក្រៅពីនេះក៏បានទទួលកិត្តិយសពីប្រធានការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិរាជធានីភ្នំពេញបានបង្ហាញនូវទិដ្ឋភាពទូទៅនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិតិពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា ក៏ដូចជាទទួលបានកិច្ចសហប្រតិបត្តិការពីតំណាងវិស័យធុរកិច្ចថៃ ចែករំលែកបទពិសោធន៍ និងបង្ហាញពីឱកាសកាន់តែច្រើននៅក្នុងទីផ្សារលក់រាយ និងលក់ដុំនៅកម្ពុជា ក៏ដូចជាសក្តានុពលវិនិយោគ និងឱកាសនាំចេញ។
ព្រឹត្តិការណ៍សំខាន់មួយទៀតនៃសិក្ខាសាលាថ្ងៃនេះ គឺពិធីចុះហត្ថលេខា លើអ្នកចែកចាយផ្តាច់មុខក្នុងប្រទេសថៃ រវាងក្រុមហ៊ុន Hanuman Beverages និង Yakyim Intertrade Co.,Ltd ដើម្បីចែកចាយផលិតផល ស្រាបៀរ ហនុមាននៅក្នុងទីផ្សារប្រទេសថៃ ដែលជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ទំនងល្អរវាងថៃ និងកម្ពុជាក្នុងការធ្វើអាជីវកម្ម។ ភាគីប្រទេសថៃមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការគាំទ្រផលិតផលខ្មែរដើម្បីដាក់លក់នៅក្នុងទីផ្សារប្រទេសថៃដែលជាការជួយលើកកម្ពស់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និង ប្តេជ្ញាចាប់ដៃនឹងកម្ពុជាធ្វើការរួមគ្នាដើម្បីបង្កើតភាពរីកចម្រើនសេដ្ឋកិច្ចជាមួយគ្នា។ ប្រជាពលរដ្ឋខ្មែរ និង បរទេស ព្រមទាំងប្រជាពលរដ្ឋ ថៃ នឹងទទួលបាននូវស្រាបៀរដែលមានរសជាតិពោពេញដោយវិសាលភាព។
ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ផ្តួចផ្តើមឡើងដោយស្ថាបនិការ លោកជំទាវ
ខៀវ សស៊ីលៀប ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ជាមួយចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព ហើយផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការរក្សាស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក។