កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មានហេតុការណ៍ដ៏សែនរន្ធត់មួយ ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ និងប៉ើងបាក់វេទិកា គ្រឿងតុបតែងលម្អខូចខាតខ្ទេចគ្មានសល់។ ឧបទ្ទវហេតុខាងលើនេះបានកើតឡើងពីរទីតាំងផ្សេងគ្នានៅខេត្តសៀមរាប ដែលបន្សល់នូវការសោកស្តាយជាខ្លាំង។.jpg)
បាតុភូមិគ្រោះធម្មជាតិបានឆក់យកជីវិតបុរសម្នាក់ឈ្មោះ ផេង ចន្ធូ អាយុ៤៤ឆ្នាំ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ដោយសារបង្គោលពាណិជ្ជកម្មដ៏ធំដួលរលំសង្កត់កិន។ ហេតុការណ៍នេះបានកើតឡើងនៅខាងកើតផ្សារលើធំថ្មី ត្រង់ចំណុចភ្លើងស្តុប ស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ទីតាំងទី២ ដែលបង្កដោយគ្រោះធម្មជាតិគឺបានកើតឡើងនៅតាំងលើស្ពានថ្ម ព្រះរាជដំណាក់មាត់ស្ទឹងសៀមរាប ក្នុងភូមិមណ្ឌលមួយ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ដែលបណ្តាលឱ្យគ្រឿងតែងលម្អទៅដោយផ្កាភ្ញីភ្លើងចម្រុះពណ៌ត្រូវខូចខាត និងប៉ើងបាក់វេទិកាទិវាវប្បធម៌ដែលគ្រោងធ្វើនៅថ្ងៃទី៣១ ខាងមុខនេះ។
ហេតុការណ៍ដ៏សែនតក់ស្លុតនេះ មហាជនបង្ហាញនូវអារម្មណ៍សោកស្តាយជាពន់ពេក ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ភឿង សកុណា ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ដែលបានបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិ និងសោកស្តាយបំផុតចំពោះការខូចខាតនានា៕











