ក្រុម​បាល់ទះ​ជម្រើស​ជាតិ​បុរសកម្ពុជា ធ្លាប់បានសាងប្រវត្តិសាស្ត្រ ដ៏ត្រជះត្រចង់ឱ្យកម្ពុជា ដោយបាន​គ្រង​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (បច្ចុប្បន្នប្តូរឈ្មោះថាស៊ីហ្គេម) ឆ្នាំ១៩៦៥ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ គ្រានោះកម្ពុជា បានយកឈ្នះថៃ៣​សិត​ទល់​០ ​នៅវគ្គផ្តាច់ព្រ័ត្រ។

ចាប់តាំងពីពេលនោះក្រុមបាល់ទះកម្ពុជាមិនដែលស្គាល់រសជាតិមេដាយអ្វីនោះទេ លុះដល់ឆ្នាំ ២០២២ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្រុមបាល់ទះកម្ពុជា ​ក៏បានដណ្ដើម​បានចំណាត់ថ្នាក់​លេខ​៣ ជាមួយនឹងមេដាយសំរិទ្ធ​ ក្រោយយកឈ្នះ​ថៃ​ម្តងទៀត ក្នុង​លទ្ធផល​៣​សិត​ទល់​២។

រីឯនៅឆ្នាំនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសុីហ្គេមលើកទី៣២ វិញ្ញាសារបាល់ទះបុរសកម្ពុជា មានសង្ឃឹមខ្ពស់ថានឹងដណ្តើមមេដាយជូនជាតិឱ្យបាននៅលើទឹកដីខ្លួន៕