ប្រទេសចិន ៖ ក្រោយពីមានព័ត៌មានថា ចិនអាចដាំដុះទុរេននៅក្នុងប្រទេសរបស់ខ្លួនបាន ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ភ្ញាក់ផ្អើល និងខ្លាចថា ថៃមិនអាចនាំចេញទុរេនទៅលក់នៅប្រទេសចិនបានទៀត ។ លើសពីនេះ នៅមានទុរេនរបស់ប្រទេសម៉ាឡេស៊ី ដែលពលរដ្ឋចិនចូលចិត្តបរិភោគ ដោយសារទុរេនម៉ាឡេស៊ីរក្សាទុកបានយូរ និងមានការវេចខ្ចប់ស្រស់ស្អាតទៀតផង ។
តាមរបាយការណ៍របស់ការិយាល័យប្រឹក្សាផ្នែកកសិកម្មក្រៅប្រទេស ប្រចាំទីក្រុងប៉េកាំង ដែលបានដើរពិនិត្យមើលតម្លៃលក់រាយផ្លែឈើនៅតាមហាងនានា និងនៅតាមផ្សារទំនើបនៅក្រុងប៉េកាំង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឃើញថា ៖
១-ទុរេនស្រស់ពីប្រទេសថៃ ៖ តាមការពិនិត្យមើលជំហានដំបូងឃើញថា ទុរេនស្រស់របស់ថៃក្នុងទីផ្សារចិនមានបរិមាណកើនឡើងតិចតួច ហើយភាគច្រើនគេសង្កេតឃើញទុរេនថៃមានដាក់លក់នៅតាមហាងធំៗ ។ ចំណែកឯតម្លៃវិញ ទុរេនថៃបានឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ។
តាមការសាកសួរទៅកាន់បុគ្គលិកផ្សារទំនើបអំពីការទិញទុរេនថៃឱ្យដឹងថា អតិថិជនចិនចាប់អារម្មណ៍ទុរេនថៃច្រើន ជាពិសេស ទុរេនស្រស់ ព្រោះអ្នកបរិភោគភាគច្រើនចូលចិត្តទុរេនស្រស់ជាងទុរេនក្លាស្សេ ។ ក្រៅពីនេះ ទុរេនស្រស់ដែលគេបកសំបករួចហើយចាប់ផ្តើមពេញនិយមខ្លាំង ព្រោះវាងាយស្រួលក្នុងការបរិភោគ ។
២-ទុរេនស្រស់ពីប្រទេសវៀតណាម ៖ តាមការពិនិត្យមើលនៅតាមហាងលក់ផ្លែឈើជាច្រើនកន្លែងឃើញថា បរិមាណទុរេនវៀតណាមនៅលើទីផ្សារចិនបានធ្លាក់ចុះ ខណៈកាលពីមុន គេបានដាក់លក់ទុរេនវៀតណាមកម្រិត A និងកម្រិត B ប៉ុន្តែបច្ចុប្បន្នឃើញថា គេដាក់លក់ទុរេនកម្រិត B តែមួយប៉ុណ្ណោះ ។
ហេតុផលនេះបានធ្វើឱ្យតម្លៃទុរេនវៀតណាមធ្លាក់ចុះ ហើយមិនត្រឹមតែតម្លៃធ្លាក់ចុះទេ គេឃើញថា នៅតាមហាងនានាបានផ្សព្វផ្សាយពាណិជ្ជកម្មពីការបញ្ចុះតម្លៃទុរេនវៀតណាមផងដែរ ។ ក្រុមហ៊ុនអាជីវកម្មលើកឡើងថា បរិមាណទុរេនវៀតណាមនៅលើទីផ្សារចិនធ្លាក់ចុះ ដោយសារចិនត្រៀមទិញទុរេនថៃ ដែលនឹងបញ្ជូនមកទីផ្សារចិននាពេលឆាប់ៗនេះ ។
៣-ទុរេនក្លាស្សេពីប្រទេសម៉ាឡេស៊ី ៖ តាមការពិនិត្យជំហានដំបូងលើទុរេនម៉ាឡេស៊ីឃើញថា តម្លៃទុរេននៅដូចដើម គ្មានការបញ្ចុះតម្លៃទេ ហើយក៏គ្មានផ្សាយពាណិជ្ជកម្មបង្កើនការលក់នៅទីផ្សារចិនដែរ ។ គេឃើញថា នៅតាមហាងនានាបានដាក់លក់ទុរេនម៉ាឡេស៊ី ២-៣ពូជផ្សេងគ្នា ដូចជា ពូជមូសាងឃីង ឬពូជណាមដាំ ព្រោះពូជទាំងនេះមានការនិយមចូលចិត្តពីពលរដ្ឋចិន និងមានតម្លៃខ្ពស់ផងដែរ ។
តាមការសាកសួរទៅកាន់បុគ្គលិកហាងនានាឃើញថា ទុរេនម៉ាឡេស៊ីទទួលបានការពេញនិយមច្រើននៅប្រទេសចិន ដោយសារគេអាចរក្សាទុកវាបានយូរ និងមានការវេចខ្ចប់ត្រឹមត្រូវ ហើយដោយសារការវេចខ្ចប់បានស្អាត អតិថិជនចិនចូលចិត្តទិញវាសម្រាប់ផ្ញើទៅកាន់មិត្តភក្តិ ឬបងប្អូនទៀតផង ៕
ប្រភព ៖ The Durian Times










