Home ព័ត៌មានអន្តរជាតិ ប្រទេសទាំងបីនេះធ្វើសមយុទ្ធរួមគ្នានៅឈូងសមុទ្រអូម៉ង់

ប្រទេសទាំងបីនេះធ្វើសមយុទ្ធរួមគ្នានៅឈូងសមុទ្រអូម៉ង់

60
0

ប្រទេសអូម៉ង់ ៖ កាលពីថ្ងៃទី១៦ ខែមីនា កន្លងមក ប្រទេសចំនួនបីមាន ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅឈូងសមុទ្រអូម៉ង់ ។ ការធ្វើសមយុទ្ធនេះមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមីនា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករបស់ប្រទេសចូលរួម ។

ក្រសួងការពារជាតិរបស់ចិនបានបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នាបីប្រទេសនេះ គឺជាផ្នែកមួយរបស់គម្រោងសុវត្ថិភាពនៅសមុទ្រប្រចាំឆ្នាំ២០២៣ ។ វានឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹករបស់ប្រទេសចូលរួម ដោយបង្ហាញពីការប្តេជ្ញាចិត្តបន្ថែមទៀត និងសក្តានុពលរួមគ្នាដើម្បីរក្សាសន្តិសុខដែនសមុទ្រ ។ លើសពីនេះ វាក៏បង្ហាញពីកម្លាំងរឹងមាំមួយឆ្ពោះទៅរកសន្តិភាព និងស្ថេរភាពក្នុងតំបន់ផងដែរ ។

សម្រាប់នាវាចម្បាំងដែលប្រើប្រាស់ក្នុងការធ្វើសមយុទ្ធ រួមមាន នាវាពិឃាតឈ្មោះ Nanning របស់ចិន និងនាវាឈ្មោះ Admiral Gorshkov របស់រុស្ស៊ី ។ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ការធ្វើសមយុទ្ធនេះ នឹងមានការបាញ់កាំភ្លើងធំនៅពេលថ្ងៃត្រង់ និងកណ្តាលយប់ ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៩ ប្រទេសទាំងបីបានធ្វើសមយុទ្ធរួមគ្នានៅមហាសមុទ្រឥណ្ឌា និងសមុទ្រអារ៉ាប់ ដោយអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់បាននិយាយនៅពេលនោះថា ការធ្វើសមយុទ្ធមានគោលបំណងប្រឆាំងនឹងភេរវកម្ម និងចោរសមុទ្រ ។ ក្រោយមក នៅឆ្នាំ២០២២ មានការធ្វើសមយុទ្ធ Security Bond នៅមហាសមុទ្រឥណ្ឌាខាងជើង និងមានកងម្លាំងរបស់អ៊ីរ៉ង់ចូលរួមផងដែរ ហើយនៅខែកុម្ភៈ ឆ្នាំ២០២៣នេះ ចិនទើបបានធ្វើសមយុទ្ធនៅសមុទ្រជាមួយរុស្ស៊ី និងអាហ្វ្រិកខាងត្បូង ។

ការធ្វើសមយុទ្ធបន្តបន្ទាប់គ្នានេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសលោកខាងលិចរិះគន់ជាខ្លាំង ស្របគ្នានឹងការយល់ឃើញរបស់លោកស្រី Karine Jean Pierre អ្នកនាំពាក្យសេតវិមានអាមេរិក ធ្លាប់បាននិយាយកាលពីខែមករា ឆ្នាំ២០២៣ ថា ក្រុងវ៉ាស៊ីនតោនបារម្ភពីប្រទេសផ្សេងៗចូលរួមធ្វើសមយុទ្ធជាមួយរុស្ស៊ី ខណៈរុស្ស៊ីកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែននៅឡើយ ៕ ប្រភព ៖ TNN World