ប្រទេសវៀតណាម ៖ សមាគមអាជីវកម្ម logistics របស់វៀតណាមបានបង្ហាញថា កំពង់ផែវៀតណាមបានគិតថ្លៃសេវាកម្មដឹកជញ្ជូនទំនិញទាបជាងគេ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ។
ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវទឹកអន្តរជាតិរបស់វៀតណាម បានគិតថ្លៃសេវាកម្មកំពង់ផែ (Terminal handling charges: THC) ប្រមាណជា១៤០ដុល្លារអាមេរិកសម្រាប់ទូរកុងទឺន័រដែលមានទំហំ២០ហ្វុត ប៉ុន្តែបង់ប្រាក់ទៅឱ្យអ្នកប្រចាំការនៅកំពង់ផែវៀតណាម ដែលដឹកទំនិញឡើងចុះត្រឹមតែ៥២ដុល្លារអាមេរិកប៉ុណ្ណោះ ។ គេចាត់ទុកថា កំពង់ផែវៀតណាមបានគិតថ្លៃសេវាកម្មថោកជាងគេនៅអាស៊ាន ខណៈកំពង់ផែនៅប្រទេសសិង្ហបុរីត្រូវបង់ប្រាក់ចំនួន១១៥ដុល្លារអាមេរិក ។![]()
យោងតាមទិន្នន័យខាងលើនេះចាត់ទុកថា វាជាគុណវិបត្តិរបស់កំពង់ផែវៀតណាម ព្រោះប្រទេសនេះបានចំណាយប្រាក់លើការវិនិយោគកំពង់ផែរាប់លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលវៀតណាម ក៏កំពុងពិចារណាដំឡើងថ្លៃសេវាកម្មកំពង់ផែផងដែរ ។ លើសពីនេះ ការពិនិត្យទំនិញរបស់គយវៀតណាមត្រូវប្រើពេលយូរ ដែលវាបានបង្កការលំបាកផ្សេងៗដល់បណ្តាក្រុមហ៊ុនអាជីវកម្ម logistics របស់វៀតណាម ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កន្លងមក វៀតណាមកែលម្អកំពង់ផែធំបំផុតរបស់ខ្លួនឈ្មោះ Cai Mep – Thi Vai ស្ថិតនៅខេត្ត Ba Xie-Vung Tau ភាគខាងត្បូងប្រទេស ។ រដ្ឋាភិបាលបានចំណាយប្រាក់ប្រមាណ៦២.១៧លានដុល្លារអាមេរិកដើម្បីកែលម្អកំពង់ផែនេះ ដោយពង្រីកទទឹងពី៣១០ម៉ែត្រ ទៅ៣៥០ម៉ែត្រ និងបន្ថែមជម្រៅពី១៤ម៉ែត្រ ទៅ១៥,៥ម៉ែត្រ ដើម្បីអាចទទួលនាវាធំៗចូលចតបាន ។
កំពង់ផែ Cai Mep – Thi Vai គឺជាកំពង់ផែដំបូងរបស់វៀតណាមដែលអាចទទួលនាវាធំៗចំណុះ២១ម៉ឺន៤ពាន់តោនចូលចត ហើយរដ្ឋាភិបាលវៀតណាមបានអភិវឌ្ឍន៍កំពង់ផែនេះឱ្យក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ដឹកជញ្ជូនទំនិញរវាងប្រទេស ៕ ប្រភព ៖ AEC connect










