ប្រទេសថៃ ៖ លោក Poonpong Naiyanapakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មបានបង្ហាញថា លោកបានតាមដានពីតម្រូវការប្រើប្រាស់ផលិតផលថៃនៅទីផ្សារចិនពីវែបសាយ http://xn--g4c.com/ ជាវែបសាយមួយផ្សព្វផ្សាយពីព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្រាប់ឱ្យអ្នកប្រកបអាជីវកម្ម អ្នកវិភាគ និងពលរដ្ឋ ដែលចាប់អារម្មណ៍អាចយកព័ត៌មានទាំងនេះទៅប្រើប្រាស់បាន ។
នៅឆ្នាំ២០២២ កន្លងមក ថៃបានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មលំដាប់ទី១៤ របស់ចិន ហើយចិនបាននាំចូលផលិតផលពីថៃនៅឆ្នាំ២០២២ ស្មើទឹកប្រាក់៥៦.៥២៧លានដុល្លារអាមេរិក ខណៈប្រទេសនាំចេញផលិតផលទៅកាន់ចិន លំដាប់ទី១ គឺតៃវ៉ាន់ បន្ទាប់មកកូរ៉េខាងត្បូង និងជប៉ុន ។
ក្នុងចំណោមផលិតផលទាំងអស់ដែលថៃបាននាំចេញទៅចិន រួមមាន ម្សៅដំណើបស្មើ៩៩%, ពោតកំប៉ុង៧៩% និងនំបុ័ងស្រួយ៧៣% ។ លើសពីនេះ ផលិតផលរបស់ថៃដែលកំពុងលូតលាស់ក្នុងទីផ្សារចិន រួមមាន គ្រឿងអេឡិចត្រូនិក និងម៉ាស៊ីនថតរូប ។
លោក Poonpong បន្តថា ៖ «ម្សៅដំណើប គឺជាផលិតផលរបស់ថៃមួយប្រភេទដែលអាចប្រកួតប្រជែងក្នុងទីផ្សារចិនរហូតដល់៩៩% ។ វាត្រូវបានគេចាត់ទុកថា ជាផលិតផលដែលចិនមានតម្រូវការខ្លាំងពីថៃ ហើយថៃគួរតែរក្សាការមានប្រៀបក្នុងការប្រកួតប្រជែងនេះបន្តទៀត ។ ទោះយ៉ាងណា តម្រូវការផលិតផលថៃមួយចំនួនបានធ្លាក់ចុះនៅទីផ្សារចិន ដូចជា សាច់មាន់ ផ្លែឈើ និងជ័រកៅស៊ូ ដោយសារមានគូប្រជែងដណ្តើមទីផ្សារពីថៃ ហើយថៃត្រូវតែធ្វើយុទ្ធសាស្ត្របង្កើនទីផ្សាររបស់ខ្លួន និងបង្កើនការផ្តោតទៅលើអតិថិជនឱ្យបានច្រើន តាមរយៈប្រព័ន្ធអនឡាញ និងបណ្តាញសង្គម» ៕
ប្រភព ៖ agrinewsthai










