រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលក្រុមមន្រ្ដីសហរដ្ឋអាមេរិក កំពុងតែព្រួយបារម្ភ អំពីឧបករណ៍ស្ទួច (Crane) ធំៗ ផលិតដោយប្រទេសចិន កំពុងតែប្រើប្រាស់ នៅតាមកំពង់ផែពាសពេញប្រទេសមហាអំណាចមួយនេះ ដោយរួមទាំងកន្លែងមួយចំនួន ប្រើប្រាស់ដោយយោធា អាចនឹងក្លាយឧបករណ៍ចារកម្មលាក់ខ្លួន សម្រាប់ក្រុងប៉េកាំង នោះមក អាល្លឺម៉ង់ ក៏ត្រូវបានគេរាយការណ៍ អំពីគម្រោងហាមឃាត់ ដល់ក្រុមហ៊ុនហួវ៉ៃ (Huawei) និង ក្រុមហ៊ុន ZTE រហូតធ្វើឲ្យចិន ផ្ទុះនូវការមិនសប្បាយចិត្តយ៉ាងខ្លាំង។

សារព័ត៌មាន NY Breaking បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ ថា ស្ថានទូតចិន ប្រចាំនៅក្នុងប៊ែរឡាំង បានបញ្ជាក់ ថា ចិន មានការមិនពេញចិត្ដយ៉ាងខ្លាំង ជាមួយនឹងគម្រោងរបស់អាល្លឺម៉ង់ ហាមឃាត់ដល់ក្រុមហ៊ុន Huawei និង ក្រុមហ៊ុន ZTE គ្រប់គ្រងដោយរដ្ឋចិន ពីបណ្ដាញ 5G របស់ប្រទេសនេះ។

ស្ថានទូតចិន ប្រចាំនៅក្រុងប៊ែរឡាំង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ថា «ប្រសិនបើសេចក្ដីរាយការណ៍នោះ ក្លាយជាការពិតមែន ចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនពេញចិត្ត ខណៈនាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចចិត្តបែបនេះ ដោយគ្មានមូលដ្ឋានពិតប្រាកដណាមួយ មកបញ្ជាក់។ ក្រុងប៉េកាំង ប្រឆាំងដាច់ខាត ចំពោះការបង្កើតគោលគំនិតសន្តិសុខជាតិរបស់អាល្លឺម៉ង់ និង ការរំលោភបំពានអំណាចរដ្ឋ ដើម្បីជ្រៀតជ្រែក នៅក្នុងកិច្ចសហប្រតិបត្តិការទីផ្សារ ជាមួយចិន។ សកម្មភាពបែបនេះ មិនត្រឹមតែបំពារបំពាន មកលើច្បាប់សេដ្ឋកិច្ច និង គោលការណ៍ប្រកួតប្រជែង ដោយយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កគ្រោះថ្នាក់ ដល់អ្នកដទៃ ជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន។

ការអត្ថាធិប្បាយរបស់ស្ថានទូតចិន បានកើតឡើង ក្រោយពេលកាសែតរបស់អាល្លឺម៉ង់ Zeit Online (ហ្សេត អនឡាញ) បានរាយការណ៍ ថា ក្រុងប៊ែកឡាំង កំពុងតែរៀបចំ ហាមឃាត់ដល់ក្រុមហ៊ុនទូរគមនាគមន៍ ពីការប្រើប្រាស់សមាសធាតុមួយចំនួនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei និង ZTE បន្ទាប់ពីមានការហាមឃាត់ស្រដៀងគ្នា ដោយអូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។
សារព័ត៌មានរបស់អាល្លឺម៉ង់ដដែលនេះ បានរាយការណ៍ ថា ទីភ្នាក់ងារសន្តិសុខតាមអ៊ិនធើណេត និង ក្រសួងមហាផ្ទៃរបស់អាល្លឺម៉ង់ បានសម្រេចចិត្ត ក្រោយការចំណាយពេល អស់ជាច្រើនខែ នៅក្នុងការស៊ើបអង្កេត លើបណ្តាញ 5G របស់ប្រទេស សម្រាប់ទប់ទល់ហានិភ័យសុវត្ថិភាព ដែលអាចនឹងកើតឡើង។
ជាមួយគ្នានេះ ក្រុមមន្ត្រីសន្តិសុខលោកខាងលិច បានអះអាងថា ក្រុមហ៊ុន Huawei និង ZTE បង្កការគំរាមកំហែង ដល់សន្តិសុខជាតិ និង ឯកជនភាព ដោយសារតែក្រុមហ៊ុនទាំងនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុងប៉េកាំង។ បញ្ហានេះ ធ្វើឱ្យពួកគេមិនស័ក្តិសម សម្រាប់ការចូលរួម នៅក្នុងបណ្តាញទំនាក់ទំនងជំនាន់ក្រោយនេះឡើយ។
ដោយឡែក ក្រុមមន្រ្ដីសហរដ្ឋអាមេរិក និង មន្ទីរបញ្ចកោណ ឯណោះវិញ ក៏កំពុងតែព្រួយបារម្ភ ថា ដងសន្ទូចយក្ស (Giant Crane) ផលិត ដោយប្រទេសចិន កំពុងតែប្រតិបត្ដិការ នៅតាមកំពង់ផែនានាពាសពេញ សហរដ្ឋអាមេរិក ដោយរួមទាំងកន្លែងផ្សេងទៀត ត្រូវប្រើប្រាស់ដោយយោធា អាចនឹងក្លាយជាឧបករណ៍ចារកម្មរបស់ក្រុងប៉េកាំង។

ក្រុមមន្ត្រីសន្តិសុខជាតិ និង មន្ទីរបញ្ចកោណមួយចំនួន បានប្រៀបធៀបឧបករណ៍ស្ទូចយក្ស (Crane) ស្ទូចពីកប៉ាល់ទៅច្រាំង ផលិតដោយក្រុមហ៊ុន ZPMC មានមូលដ្ឋាន នៅប្រទេសចិន អាចជាឧបករណ៍ចាប់សញ្ញាដ៏ទំនើប អាចចុះឈ្មោះ និង តាមដានភ័ស្តុតាង ហើយទិសដៅរបស់កុងតឺន័រ។ សកម្មភាពបែបនេះ កំពុងតែជំរុញឱ្យមានការព្រួយបារម្ភ ថា ចិន អាចចាប់យកព័ត៌មាន អំពីសម្ភារ ដែលត្រូវបានដឹកជញ្ជូននៅក្នុង ឬ ក្រៅប្រទេស ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក៕










