ប្រទេសវៀតណាម ៖ ការផលិតទំនិញក្នុងផ្នែកឧស្សាហកម្ម និងការនាំចេញរបស់វៀតណាមបានកើនឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះមួយផ្នែកដោយសារចំនួនការលក់ស្បែកជើងកើនឡើង ។ ការផលិតកើនឡើងនេះជាសញ្ញាបង្ហាញថា តម្រូវការទំនិញវៀតណាមបានងើបឡើងវិញក្នុងពិភពលោក ។

ទោះយ៉ាងណា អ្នកគ្រប់គ្រងនៅតាមបណ្តារោងចក្រលើកឡើងថា តម្រូវការទំនិញវៀតណាមនៅលើពិភពលោកមិនច្បាស់លាស់ ហើយការផលិតទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ទូរស័ព្ទដៃបានធ្លាក់ចុះ បើទោះជាការនាំចេញទូរស័ព្ទស្មាតហ្វូនកើនឡើងក្តី ។

ការិយាល័យស្ថិតិជាតិបញ្ជាក់ថា ការនាំចេញទំនិញរបស់វៀតណាមបានកើនឡើង១១% នៅខែកុម្ភៈ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយការផលិតទំនិញក្នុងផ្នែកឧស្សាហកម្មកើនឡើង៣,៦% ក្នុងរយៈពេលដូចគ្នា ។ ការផលិតទំនិញកើនឡើងនៅខែកុម្ភៈនេះ គឺក្រោយពីការផលិតទំនិញបានធ្លាក់ចុះ៨% នៅខែមករា ឆ្នាំ២០២៣ ដូច្នេះ ការផលិតទំនិញតែងធ្លាក់ចុះជាធម្មតានៅថ្ងៃឈប់សម្រាកចូលឆ្នាំវៀតណាម ។

ទោះយ៉ាងណា ការផលិតទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅវៀតណាមបានធ្លាក់ចុះជិត១០% រីឯការផលិតឧបករណ៍ទូរស័ព្ទដៃក៏បានធ្លាក់ចុះជិត១៥%ដែរ ។ ជាមួយគ្នានេះ ការនាំចេញទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៤,៧% ។
ចំណែកការផលិតស្បែកជើងវិញបានកើនឡើងជិត១៩% នៅខែកុម្ភៈ ឆ្នាំ២០២៣ ហើយការនាំចេញកើនឡើង៤,១% ក្រោយពីបានធ្លាក់ចុះខ្លាំងនៅខែមករា ។ ទោះយ៉ាងណា ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញស្បែកជើងបានធ្លាក់ចុះ១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។

ការនាំចេញទំនិញវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅខែកុម្ភៈ ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់២៥,៨៨ពាន់លានដុល្លារអាមេរិក ក្រោយពីធ្លាក់ចុះ២១,៣% នៅខែមករា ។ រីឯការនាំចូលទំនិញបានធ្លាក់ចុះប្រមាណ៦,៧% ៕ ប្រភព ៖ AEC connect










