ប្រទេសថៃ ៖ ក្នុងថ្ងៃទិវានារីអន្តរជាតិ ៨ មីនា ប្រចាំឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជូនពរដល់ស្ត្រីថៃ ក៏ដូចជាអ្នកធ្វើការផ្នែកអភិវឌ្ឍន៍ស្ត្រីទាំងអស់តាមរយៈស្ថានីយទូរទស្សន៍ ដោយលោកលើកឡើងថា ស្ត្រីជាកម្លាំងជំរុញមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយអង្គការសហប្រជាជាតិបានប្រកាសថា នៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវានារីអន្តរជាតិ ដើម្បីឱ្យប្រទេសជាសមាជិកទូទាំងពិភពលោកបានយល់ដឹងពីតម្លៃ សារៈសំខាន់ ការគោរពសិទ្ធិស្ត្រី រួមទាំងការអភិវឌ្ឍការងារផ្សេងៗដើម្បីបង្កើតឱ្យមានសមភាពសង្គមសម្រាប់ស្ត្រី ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលបានផ្តល់ភាពសំខាន់ក្នុងការបង្កើតឱកាសដល់ពលរដ្ឋគ្រប់រូប គ្រប់វ័យ ជាពិសេសបំផុត គឺស្ត្រី ខណៈស្ត្រីមានចំនួនជាងពាក់កណ្តាលនៃពលរដ្ឋទាំងអស់របស់ថៃ ។ លើសពីនេះ រដ្ឋាភិបាលបានទទួលស្គាល់ពីសក្តានុពលរបស់ស្ត្រី គឺជាកម្លាំងជំរុញមួយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងផ្នែកជាច្រើន ។ ដូច្នេះ រដ្ឋាភិបាលបានលើកកម្ពស់តួនាទីស្ត្រីឱ្យមានចំណែករួមក្នុងសង្គម ក៏ដូចជាផ្សព្វផ្សាយគ្រប់វិស័យទាំងអស់ឱ្យផ្លាស់ប្តូរអាកប្បកិរិយាចំពោះតួនាទីស្ត្រី ដោយគោរពសេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្ស ។
ក្នុងការរៀបចំទិវានារីអន្តរជាតិ ៨ មីនា ប្រចាំឆ្នាំ២០២៣ ប្រទេសថៃបានផ្តោតលើគំនិតថា «កម្លាំងរបស់ស្ត្រីនិងក្មេងស្រី បានរួមគ្នាបង្កើតការច្នៃប្រឌិត និងបច្ចេកវិទ្យាឆ្ពោះទៅរកសមភាពយេនឌ័រប្រកបដោយនិរន្តរភាព» ដើម្បីឱ្យស្ត្រីថៃទាំងអស់មានចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, លើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមធ្វើឱ្យថៃឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតនៅត្រឹមឆ្នាំ២០២៧ ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានជូនពរទៅកាន់ស្ត្រីទាំងអស់ក្នុងប្រទេសថា ៖ «សូមឱ្យស្ត្រីថៃទាំងឡាយ ក៏ដូចជាអ្នកធ្វើការងារផ្នែកអភិវឌ្ឍន៍ស្ត្រីជួបតែសេចក្តីសុខ ចម្រុងចម្រើន មានសុខភាពរឹងមាំទាំងផ្លូវកាយនិងចិត្ត និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា» ៕ ប្រភព ៖ khaosod










