ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យទីតាំងស្តុក និងលក់ចែកចាយផលិតផលអំពីសាច់សត្វមួយកន្លែង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញ បេះដូងជ្រូក, អណ្ដាតជ្រូក, ជើងមាន់, ពោះវៀនជ្រូក, ស្លឹកត្រចៀកកជ្រូក, ទាបង្កក, ស្លាបមាន់, សាច់គោ សរុបចំនួន ២.២៦៦គីឡូក្រាម។

បន្ទាប់ពីរកឃើញ សមត្ថកិច្ចបានធ្វើការកាត់យកផ្នែកខ្លះនៃផ្ទាំងសាច់ទៅពិនិត្យនៅមន្ទីរពិសោធន៍ និងបិទសៀលលើទូរផលិតផលបង្កកទាំងនោះមួយរយៈសិន រង់ចាំលទ្ធផលនៃការវិភាគចេញពីមន្ទីរពិសោធន៍ជាស្ថាពរ និងចាត់វិធានការបន្តទៅតាមនីតិវិធីច្បាប់។

ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងដោយ ក្រុមការងារអន្តរាគមន៍បង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម៕