ទីបំផុតបន្ទាប់ពីស្ងប់ស្ងាត់មិនមានប្រតិកម្មតបក្រោយមហាជនរិះគន់ចាស់ដៃ ពេលនេះអ្នកធ្វើវីដេអូ Chen Radee បានចេញមកបកស្រាយដោយបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួននិងសូមទោសសាធារណជនជុំវិញពាក្យសម្តីលើសលួស។ Radee បានបញ្ជាក់ថាអ្វីដែលខ្លួនបានលើកឡើងគឺមានបំណងពីរ ខណៈបទពិសោធន៍ថ្ងៃដំបូងប្តូរពីសាសារៀននៅខេត្តមកភ្នំពេញធ្វើឱ្យខ្លួនមានកំហឹងនិយាយដោយមិនបានរៀបពាក្យសម្តីឱ្យសមរម្យ។

នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ Chen Radee បានចេញវីដេអូមួយដោយបានដាក់ចំណងជើងថា «សង្ឃឹមថាលោកគ្រូអ្នកគ្រូ ពុកម៉ែបងប្អូន យោគយល់និងអធ្យាស្រ័យដល់ខ្ញុំបាទ »។ ក្នុងវីដេអូជាង២នាទីនេះ Radee បាននិយាយថារូបគេចេញមកទទួលខុសត្រូវ ចំពោះវីដេអូមុនដោយបញ្ជាក់ថាវីដេអូនោះគឺមានបំណងទៅកាន់សិស្សានុសិស្សដែលត្រៀមប្រលងបាក់ឌុបទោះបីជាគ្មានលទ្ធភាពរៀនគួរក៏អាចស្វ័យសិក្សានៅផ្ទះ មើលវីដេអូរបស់ក្រសួងក៏អាចប្រលងជាប់បាក់ឌុបបានដែរ។
អ្នកធ្វើវីដេអូវ័យក្មេងរូបនេះបានបន្ថែមថាគោលបំណងទី២នៅវីដេអូមុននោះគឺចង់ចែករំលែកសៀវភៅដែលរូបគេបានអានកាលពីរៀនថ្នាក់ទី១២។ ត្រង់ចំណុចដែលមហាជនប្រតិកម្មខ្លាំងដែលថារូបគេរៀន៣ឆ្នាំមិនចាំឈ្មោះគ្រូ Radee បានពន្យល់ថា ខ្លួនក៏មានអនុស្សាវរីយ៍ល្អៗកាលពីរៀននៅអនុវិទ្យល័យជាមួយនឹង អ្នកគ្រូ លោកគ្រូ មិត្តភក្តិ នៅឯខេត្តដែរ។ បន្ទាប់ពីបញ្ចប់ថ្នាក់ទី៩ ដោយសារតែលក្ខខណ្ឌគ្រួសារមិនមានលទ្ធភាពរូបគេបានឡើងមកភ្នំពេញម្នាក់ឯងដើម្បីបន្តការសិក្សាជាមួយនឹងគំនិតថារកការងារបន្ថែមដើម្បីមានចំណូលនិងអាចបន្តការសិក្សាឱ្យបានចប់ចុងចប់ដើម។
Radee បាននិយាយទៀតថានៅពេលចូលរៀនដំបូងនៅវិទ្យាល័យគឺទទួលបានបទពិសោធន៍ល្អប្តូរពីខេត្តមករៀននៅភ្នំពេញជារឿងថ្មីសម្រាប់ខ្លួនដែលធ្វើឱ្យខ្លួនដក់ជាប់ក្នុងចិត្តហើយនៅពេលនិយាយរឿងហ្នឹងម្តងទៀតធ្វើឱ្យរូបគេមានអារម្មណ៍ថាខឹង បញ្ចេញកំហឹងដែលលាក់ទុកហើយមិនបានគ្រប់គ្រងខ្លួនឯង។ ត្រង់ចំណុចនេះ Radee បានទទួលស្គាល់ពីកំហុសខ្លួនឯងដែលមិនបានរៀបពាក្យរៀបសម្តីនិយាយឱ្យបានសមរម្យ និយាយទាំងកំហឹងដែលធ្វើឱ្យស្តាប់ទៅមិនសមរម្យទាល់តែសោះសម្រាប់មហាជន។.png)
អ្នកធ្វើវីដេអូរូបនេះបានសម្តែងការសូមទោសដោយបញ្ជាក់ថាជាការចេញសូមទោសពីក្រអៅបេះដូង ដោយការនិយាយស្តីនោះគ្មានចេតនាទេនិងសង្ឃឹមថាលោកគ្រូ អ្នកគ្រូ ទស្សនិកជន សិស្សានុសិស្សនឹងផ្តល់ឱកាសឱ្យរូបគេកែប្រែនូវកំហុសមួយនេះដើម្បីសិក្សារៀនសូត្របន្ថែមអាចបន្តទៅមុខបានទៀត ដោយយកមតិរិះគន់ទាំងនោះមកអភិវឌ្ឍន៍ការគិតពិចារណាឡើយវិញមុននឹងធ្វើអ្វីមួយ៕










