ប្រទេសជប៉ុន ៖ ក្រសួងសុខាភិបាលប្រទេសជប៉ុនបានសម្រេចចិត្តចាប់ផ្តើមគម្រោងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ដោយផ្តោតទៅលើក្រុមមនុស្សចាស់ ក្រោយពីជប៉ុនទើបបានពង្រីកគម្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនដោយមិនចាំបាច់ចំណាយប្រាក់ រហូតដល់ខែមីនា ឆ្នាំ២០២៤ ។

ក្រុមមន្ត្រីជំនាញមកពីក្រសួងសុខាភិបាលជប៉ុនបានប្រជុំពិភាក្សាគ្នារឿងពេលវេលា និងព័ត៌មានលម្អិតអំពីការចាក់វ៉ាក់សាំងនេះ ។ ក្នុងនោះវ៉ាក់សាំងដែលមានប្រសិទ្ធភាពអាចការពារជំងឺកូវីដបំលែងពីពូជអូមីក្រុង គេនឹងយកមកចាក់ឱ្យពលរដ្ឋនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ហើយក្រុមគោលដៅដំបូង គឺមនុស្សចាស់, អ្នកមានបញ្ហាសុខភាព ឬមានជំងឺប្រចាំកាយ និងមនុស្សចាស់កំពុងរស់នៅកន្លែងថែទាំមនុស្សចាស់ជរា ។ បន្ទាប់មក នឹងមានការវាយតម្លៃពីការបំលែងពូជមេរោគ និងកត្តាផ្សេងៗ ដើម្បីកំណត់ ឬជ្រើសរើសប្រភេទវ៉ាក់សាំងដែលត្រូវយកមកចាក់ឱ្យពលរដ្ឋនៅខែកញ្ញា ឆ្នាំ២០២៣ ។

សម្រាប់ពលរដ្ឋមានជំងឺធ្ងន់ធ្ងរ ពួកគេនឹងទទួលបានការចាក់វ៉ាក់សាំងចំនួន២ដង/១ឆ្នាំ ក្នុងនោះការចាក់ម្ជុលទី១ នឹងធ្វើឡើងនៅខែឧសភា ហើយម្ជុលទី២ នឹងធ្វើឡើងនៅខែកញ្ញា ខណៈក្រុមពលរដ្ឋផ្សេងទៀតអាចទៅចាក់វ៉ាក់សាំងបានចាប់ពីខែកញ្ញា តទៅ ។

ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញក្រសួងសុខាភិបាលនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដុសជំរុញ ដើម្បីការពារជំងឺកូវីដបំលែងពីអូមីក្រុងទៅលើក្រុមកុមារអាយុចន្លោះពី៥ឆ្នាំ ទៅ១១ឆ្នាំ នៅថ្ងៃទី៨ ខែមីនា ប៉ុន្តែពួកគេត្រូវតែទទួលបានការចាក់វ៉ាក់សាំងលើកចុងក្រោយ យ៉ាងតិចរយៈពេល៣ខែ ៕ ប្រភព ៖ TNN World










