ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Seok-Yeol បានលើកឡើងថា កិច្ចសហការត្រីភាគីរវាងប្រទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុន គឺជារឿងមានសារសំខាន់យ៉ាងខ្លាំងដើម្បីយកឈ្នះការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។
លោកប្រធានាធិបតីកូរ៉េខាងត្បូងបានលើកឡើងបែបនេះ ក្នុងថ្ងៃទិវាឯករាជ្យជាតិកូរ៉េខាងត្បូង ត្រូវនឹងថ្ងៃទី១ ខែមីនា (March First Movement) គឺកូរ៉េខាងត្បូងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន ដែលបានគ្រប់គ្រងលើកូរ៉េខាងត្បូងក្នុងរវាងពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមកថា មន្ត្រីរបស់កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានបើកកិច្ចប្រជុំរួមគ្នាមួយស្តីពីសន្តិសុខសេដ្ឋកិច្ចជាលើកដំបូង ស្របពេលកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ និងការអភិវឌ្ឍបច្ចេកវិទ្យា ។
បើទោះជាជប៉ុន និងកូរ៉េខាងត្បូងជាប្រទេសជិតខាងដែលមានគំនិតខុសគ្នាក្តី ប៉ុន្តែប្រទេសទាំងពីរក៏នៅតែរួមសហការជាមួយអាមេរិកក្នុងផ្នែកជាច្រើន ដើម្បីប្រឈមនឹងស្ថានការណ៍តានតឹងក្នុងពិភពលោកបច្ចុប្បន្ន ក៏ដូចជាប្រឆាំងនឹងឥទ្ធិពលរបស់ចិន និងកូរ៉េខាងជើង ដែលគេមិនអាចទស្សន៍ទាយទុកមុនបានថាអ្វីនឹងកើតឡើង ៕
ប្រភព ៖ TNN World










