ក្នុងកិច្ចប្រជុំសន្តិសុខនៅទីក្រុង Munich ប្រចាំឆ្នាំនេះមានប្រធានបទជាច្រើនគួរឱ្យចាប់អារម្មណ៍ ក្រោយពីប្រទេសធំៗបានបង្ហាញពីគោលជំហររបស់ខ្លួនកាន់តែច្បាស់អំពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលអូសបន្លាយអស់រយៈពេលជិត១ឆ្នាំ ។ ក្នុងកិច្ចប្រជុំនេះ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានដាស់តឿនទៅកាន់លោក Wang Yi មន្ត្រីទូតជាន់ខ្ពស់របស់ចិនថា អាមេរិកនឹងចាត់វិធានការវិញ បើចិននៅតែគាំទ្រផ្តល់ជំនួយសម្ភារៈឱ្យរុស្ស៊ី ។
មន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់ប្រទេសមហាអំណាចលំដាប់ពិភពលោកបានជួបគ្នាក្រៅកិច្ចប្រជុំសន្តិសុខ ខណៈលោក Wang Yi រិះគន់អាមេរិកថា ធ្វើហួសហេតុពេកករណីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញបញ្ជាឱ្យយន្តហោះចម្បាំង F-22 បាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិន កាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមក ។ វាជាស្ថានការណ៍ដាក់សម្ពាធដល់សម្ព័ន្ធភាពប្រទេសទាំងពីរឱ្យកាន់តែតានតឹង ស្របពេលអាមេរិកកំពុងតាមដានមើលចិនយ៉ាងដិតដល់ថា តើចិននឹងធ្វើយ៉ាងណាចំពោះសង្គ្រាមនៅអ៊ុយក្រែន ។
លោក Anthony Blinken បានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មាន NBC News ថា អាមេរិកបារម្ភថា ចិនកំពុងពិចារណាជួយគាំទ្ររុស្ស៊ី ហើយលោកបាននិយាយទៅកាន់លោក Wang Yi យ៉ាងច្បាស់លាស់ថា បើចិនធ្វើបែបនេះ នឹងធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរកាន់តែតានតឹង ។ លោកថ្លែងថា ៖ «ចិនកំពុងពិចារណាផ្តល់ជំនួយ និងបញ្ជូនអាវុធគ្រោះថ្នាក់ជាច្រើនឱ្យរុស្ស៊ី ហើយអាមេរិកនឹងត្រៀមធ្វើសេចក្តីថ្លែងការណ៍អំពីរឿងនេះបន្ថែមទៀតនាពេលឆាប់ៗ» ។
ជាមួយគ្នានេះ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបង្ហើបថា ចិនព្យាយាមចាប់ត្រីដៃពីរ គឺព្យាយាមអះអាងថា ចិនត្រូវការរួមចំណែកកសាងសន្តិភាព និងស្ថេរភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ប៉ុន្តែចិនក៏ជួយគាំទ្រដល់រុស្ស៊ីផងដែរ ហើយលោក Anthony Blinken ក៏បានដាស់តឿនចិនត្រង់ទៅត្រង់មកអំពីលទ្ធផលនឹងទទួលបានមកវិញ បើចិនជួយដល់រុស្ស៊ីផ្នែកអាវុធ ក៏ដូចជាជួយឱ្យរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មក្តី ។
កាលពីសប្តាហ៍កន្លងមក មុនពេលរុស្ស៊ីវាយលុកអ៊ុយក្រែន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបគ្នានៅក្រុងប៉េកាំង និងប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរដោយគ្មានកំណត់ ។ ការជួបគ្នារបស់មេដឹកនាំទាំងពីររូបនេះ ធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេស អាមេរិក និងប្រទេសលោកខាងលិច ដោយគិតថា តើចិននឹងមានគោលជំហរគាំទ្រ ឬប្រឆាំងនឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី ខណៈចិនមិនធ្លាប់ចេញមកថ្កោលទោសពីសកម្មភាពរបស់រុស្ស៊ីទេ ហើយចិនក៏មិនធ្លាប់និយាយថា សង្គ្រាមដែលកើតឡើងនេះ គឺដោយសារការលុកលុយរបស់រុស្ស៊ីដែរ ៕
ប្រភព ៖ thestandard










