ថ្លែងក្នុងពិធីពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់អំពីការដាក់គោលដៅបណ្ដុះបណ្ដាលសិស្សនិងនិស្សិតក្រីក្រប្រមាណ១លាន៥សែននាក់ ដែលក្នុងនោះសម្ដេចអះអាងថាមាន២ទៅ៤ភាគរយនឹងត្រូវតម្រង់ឱ្យទទួលការបណ្ដុះបណ្ដាលជំនាញ “វិជ្ជាជីវៈដូនតា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uYASeotIYtVEc2_q-Lq92XbNalK8q8LG1YszXT6nMJVpMbav0JXSKV1pyJiju4oAkZQtctWPxBcUY0z74Hsiop7PUQoyBfTiZzPt4NMXm36ts9WZQSbn1ycECuhGVWsyVhYERDQWr_B7OViu_P6eKwhZtb0Bw_OY5jFc4y6wbHqyj9FCQSrSb0IK/s862/Screenshot%202023-02-20%20091633.jpg

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថាវិជ្ជាជីវៈនេះ មានដូចជាជំនាញតម្បាញ ចម្លាក់ គំនូរ និងស្មូនរូបជាដើម។ សម្ដេចបានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិភាក្សាគ្នាធ្វើការងារនេះ។ សម្ដេចបានបន្ថែមថាជំនាញវិជ្ជាជិវៈនេះ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមសម្ដេចតេជោ ការសិក្សារបស់និស្សិតក្រីក្រទាំង១លាន៥សែននាក់ រាប់ទាំងក្រុមសិស្សនិងនិស្សិតត្រូវបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា មិនជួបការលំបាកការសិក្សានោះទេ ពីព្រោះពួកគេទទួលបានការបណ្ដុះបណ្ដាលឥតគិតថ្លៃផង និងទទួលបានទាំងប្រាក់ឧត្ថម្ភពីរដ្ឋថែមទៀត។ សម្ដេចអះអាងថាជំនាញវិជ្ជាជីវៈនេះជាបញ្ហាធំមួយ ហើយអ្នករៀនងាយនឹងមានឱកាសធ្វើការងារ។

ថ្លែងអំពីការរៀនជំនាញវិជ្ជាជីវៈ សម្ដេចប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា “ជួនកាលបងប្អូនយើងមើលស្រាលទៅលើវិជ្ជាជីវៈក៏មិនចង់រៀន ហើយទៅរៀននៅកន្លែងផ្សេង។ រៀនវាត្រូវហើយគ្មាននរណាហាមឃាត់ទេ ប៉ុន្តែបើយើងនិយាយពីរឿងការងារធ្វើវិញ អ្នកដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទើបជាអ្នកដែលងាយរកការងារធ្វើ។ អ៊ីចឹងឱកាសអ្នកមានវិជ្ជាជីវៈ គឺទទួលបានច្រើនជាង”៕