ប្រទេសថៃ ៖ កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមក មានក្មេងចំនួន៦នាក់មានអាការៈក្អួតចង្អោរ ឈឺក្បាល ដកដង្ហើមញាប់ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីពួកគេហូបសាច់ក្រកគ្មានម៉ាកសញ្ញា ។ ហេតុនេះ ប៉ូលិសក៏បានស៊ើបអង្កេតរកប្រភពសាច់ក្រក និងបានចុះពិនិត្យរោងចក្រមួយកន្លែងនៅខេត្តឈុនបុរី កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបានរឹបអូសយកផលិតផល៣២មុខ ក្នុងតម្លៃ៧០ម៉ឺនបាត ។

ដោយឡែក មន្ត្រីប៉ូលិសមកពីនាយកដ្ឋានបង្ក្រាបបទល្មើស និងការពារអ្នកប្រើប្រាស់ សហការជាមួយការិយាល័យចំណីអាហារ និងឱសថ បានរកឃើញរោងចក្រមួយកន្លែងទៀតធ្វើប្រហិតគ្មានអនាម័យ និងប្រើសារធាតុបូរ៉ាក់ ស្ថិតនៅឃុំខ្លងហ្លួង ស្រុកខ្លងហ្លួង ខេត្តប៉ាធុមថានី ដោយប៉ូលិសបានរឹបអូសផលិតផលជាង២០មុខផងដែរ ។ ការចុះពិនិត្យទីតាំងរោងចក្រនេះឃើញថា គេបានយកឃ្លាំងចាស់មកធ្វើជារោងចក្រប្រហិត ក្នុងនោះលោក សំរិទ្ធ អះអាងថា ជាម្ចាស់រោងចក្រ ។ មន្ត្រីប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធបានបញ្ជាឱ្យបិទរោងចក្រនេះ ដោយដកហូតប្រហិតធ្វើពីសាច់សត្វ វត្ថុផ្សំផ្សេងៗ និងឧបករណ៍ផលិត ។

គេរកឃើញថា រោងចក្របានដំណើរការធ្វើប្រហិតសាច់ជ្រូកគ្មានអនាម័យ មិនត្រូវតាមលក្ខខណ្ឌដែលច្បាប់កំណត់ ខណៈប្រហិតសាច់ជ្រូកត្រូវបានផ្សព្វផ្សាយថា ធ្វើពីសាច់ជ្រូកនោះ ប៉ុន្តែការពិត ម្ចាស់រោងចក្របានលួចយកសាច់មាន់មកផ្សំជាមួយសាច់ជ្រូក ដើម្បីកាត់បន្ថយថ្លៃដើមផលិត ធ្វើឱ្យអ្នកទទួលទានយល់ខុស និងទិញទៅបរិភោគ ។ លើសពីនេះ រោងចក្រខាងលើគ្មានការគ្រប់គ្រងផលិតកម្មត្រឹមត្រូវ ខណៈគេបានយកធាតុផ្សំមកពិនិត្យឃើញថា មានសារធាតុបូរ៉ាក់នៅក្នុងប្រហិត ។ ដូច្នេះ គេសន្និដ្ឋានថា ប្រហិតទាំងអស់ដែលរោងចក្រនេះធ្វើមានសារធាតុបូរ៉ាក់ ។

ម្ចាស់រោងចក្រសារភាពថា ការធ្វើប្រហិតទាំងអស់គ្មានលិខិតអនុញ្ញាតណាមួយទេ ហើយសាច់ជ្រូក និងសាច់មាន់ដែលយកមកធ្វើប្រហិត ខ្លួនបានទិញពីទីផ្សារនានា ចំណែកសារធាតុប្រើសម្រាប់រក្សាទុកឱ្យបានយូរ ខ្លួនបានទិញពីហាងមួយកន្លែងនៅតំបន់ចាក់តុចាក់ ក្រុងបាងកក ។ បន្ទាប់មក ក៏បានយកវត្ថុផ្សំទាំងអស់មកធ្វើប្រហិតមិនស្របតាមស្តង់ដារ ហើយបញ្ជូនទៅលក់ឱ្យអតិថិជនតាមផ្សារនានានៅក្រុងបាងកក ខេត្តប៉ាធុមថានី ណុនថៈបុរី និងសមុទ្រប្រាកាន ចំនួន៤១កន្លែង ។ ម្ចាស់រោងចក្របន្តថា បានប្រកបអាជីវកម្មនេះអស់រយៈពេល២ឆ្នាំហើយ ដោយចែកចាយប្រហិតប្រមាណ៣០០-៨០០គីឡូក្រាមក្នុង១ថ្ងៃ ។

តាមការពិនិត្យបន្ថែមទៀតលើឈ្មោះអតិថិជនទិញប្រហិត គេបានរកឃើញវិក្កយបត្រមួយបញ្ជាក់ពីការលក់ប្រហិតទៅឱ្យសាលារៀនអន្តរជាតិមួយកន្លែងនៅខេត្តប៉ាធុមថានី ក្នុងចំនួន៦៥គីឡូក្រាម ដូច្នេះ មន្ត្រីប៉ូលិសបានទំនាក់ទំនងទៅខាងសាលារៀន ដើម្បីហាមយកប្រហិតនេះមកធ្វើម្ហូបឱ្យក្មេងៗ ៕ ប្រភព ៖ topnews
















