ប្រទេសចិន ៖ បើគេក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ចិនជាប្រទេសមានដើមទុនផលិតទំនិញទាបជាងប្រទេសជាច្រើនក្នុងពិភពលោក រហូតធ្វើឱ្យចិនមានឈ្មោះថា ជារោងចក្ររបស់ពិភពលោក ព្រោះចិនមានប្រៀបដោយសារមានពលរដ្ឋក្នុងវ័យធ្វើការច្រើន ហើយតម្លៃកម្លាំងពលកម្មថោក ប៉ុន្តែបច្ចុប្បន្ន ចិនកំពុងឈានមកដល់សង្គមមួយមានមនុស្សចាស់ច្រើន អត្រាកំណើតធ្លាក់ចុះ ហើយថ្លៃកម្លាំងពលកម្មខ្ពស់ ដែលធ្វើឱ្យមានការប្រៀបពីមុនរបស់ចិននោះ កំពុងតែបាត់បង់បន្តិចម្តងៗ ។ តើចិននឹងដោះស្រាយបញ្ហានេះរបៀបណា ?

ដូចយើងឃើញស្រាប់ហើយ ស្ថានការណ៍បច្ចុប្បន្ន ចិនកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលចំនួនពលរដ្ឋ ។ ជាក់ស្តែង នៅឆ្នាំ២០២២ ចំនួនពលរដ្ឋចិនស្មើ១,៤១១លាននាក់ ធ្លាក់ចុះ៨៥ម៉ឺននាក់ពីឆ្នាំ២០២១ ។ ចំណែកអត្រាកំណើត ក៏ធ្លាក់ចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយនៅសល់តែ៦,៧៧នាក់ក្នុងចំណោមពលរដ្ឋ១.០០០នាក់ ហើយវាជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យឥណ្ឌានាំមុខចិន ហើយឥណ្ឌាបានក្លាយជាប្រទេសមានពលរដ្ឋច្រើនបំផុតក្នុងពិភពលោក ។

គេឃើញថា ចំនួនមនុស្សចាស់មានអាយុច្រើននៅចិនបានកើនឡើងយ៉ាងឆាប់រហ័ស ។ នៅឆ្នាំ២០២០ ចំនួនមនុស្សចាស់ស្មើ១៧,៨% ហើយគេរំពឹងថា នៅឆ្នាំ២០៣០ ឬ៧ឆ្នាំទៀត ចំនួនមនុស្សចាស់នឹងកើនឡើងដល់២៦,២% ។ ជាច្រើនឆ្នាំកន្លងមក ចិនក៏បានមើលឃើញពីបញ្ហានេះ ដូច្នេះហើយ ចិនព្យាយាមចេញវិធានការផ្សេងៗធ្វើឱ្យពលរដ្ឋមានកូនកាន់តែច្រើន មិនថាលុបចោលវិធានការមានកូនតែម្នាក់តាំងពីឆ្នាំ២០១៦ ឬកាត់បន្ថយការចំណាយពេលមានផ្ទៃពោះ ការសម្រាលកូន ការថែទាំកូន និងថ្លៃសិក្សាក្តី ប៉ុន្តែនៅតែមិនអាចដោះស្រាយបញ្ហាបាន ។

ពិតណាស់ អត្រាកំណើតធ្លាក់ចុះ ខណៈចំនួនមនុស្សចាស់កើនឡើង ធ្វើឱ្យកម្លាំងពលកម្មផលិតរបស់ចិនធ្លាក់ចុះជាបន្តបន្ទាប់ ដែលបានប្រឈមនឹងកំណើនសេដ្ឋកិច្ចជាខ្លាំងក្នុងរយៈពេលយូរ ព្រោះថា ចិនបានរួមចំណែកក្នុងការផលិតផ្នែកឧស្សាហកម្មទូទាំងពិភពលោកប្រមាណ៣០% ។ ហេតុនេះ ការធ្លាក់ចុះកម្លាំងពលកម្មចិនក្នុងវិស័យផលិតកម្ម រួមទាំងថ្លៃកម្លាំងពលកម្មកើនឡើងខ្ពស់ តាមការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យដើមទុនផលិតទំនិញកើនឡើងខ្ពស់ ។ ដូច្នេះ ការមានប្រៀបរបស់ចិនជាប្រទេសមានដើមទុនផលិតកម្មទាប ដែលចិនធ្លាប់ប្រើដើម្បីជំរុញសេដ្ឋកិច្ចជាច្រើនទសវត្សមកនោះ ក៏អាចបាត់បង់នៅទីបំផុត ។

វិធីដោះស្រាយបញ្ហា គឺការលើកកម្ពស់កម្រិតពលកម្ម ជាពិសេស ផ្តោតលើការបង្កើតសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើបច្ចេកវិទ្យាខ្ពស់ ។ ចិនមានផែនការអភិវឌ្ឍន៍កម្លាំងជំនាញផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនជាបន្តបន្ទាប់ ដែលផែនការនេះបានដំណើរការតាំងពីឆ្នាំ២០០០ មក ឬ២០ឆ្នាំមុន ដែលធ្វើឱ្យបច្ចុប្បន្ន ចិនអាចបង្កើតធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាងអាមេរិករហូតដល់៨ដង ។ លើសពីនេះ ចិនបានលើកទឹកចិត្តដោយការផ្តល់សិទ្ធិពិសេសផ្សេងៗជាច្រើនសម្រាប់ទាក់ទាញកម្លាំងពលកម្មពីក្រៅប្រទេសផងដែរ ជាពិសេស ក្រុមអ្នកវិទ្យាសាស្ត្រនាំមុខ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមទាំងអ្នកទើបបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ។

ខណៈចិនបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ តាមរយៈការលើកកម្ពស់ពលកម្មក្នុងស្រុក រួមទាំងការទាក់ទាញកម្លាំងពលកម្មមានជំនាញពីបរទេសចូលមក តើវានឹងជួយចិនអាចជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើនជាបន្តបន្ទាប់ដូចពេលកន្លងមកឬអត់ ។ ហេតុនេះ ការដែលចិនមានប្រៀបរឿងមានចំនួនពលរដ្ឋក្នុងវ័យធ្វើការច្រើន និងកម្លាំងពលកម្មថោក ចិនមិនអាចយកមកប្រើប្រាស់បានទៀតទេនាថ្ងៃអនាគត ៕ ប្រភព ៖ longtunman