ប្រទេសស្រីលង្ការ ៖ រដ្ឋាភិបាលប្រទេសស្រីលង្ការបានត្រៀមចេញបញ្ជាហាមប្រើប្រាស់ផ្លាស្ទិកតែម្តងបោះចោល (Single use plastic) បន្ទាប់ពីមានការរាយការណ៍ថា ដំរីព្រៃ និងក្តាន់ជាច្រើនក្បាលត្រូវងាប់ ដោយសារវាស៊ីសារធាតុពុលពីសំរាមផ្លាស្ទិក ។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី និងជាមន្ត្រីផ្សព្វផ្សាយពាណិជ្ជកម្មស្រីលង្ការបង្ហាញថា ការផលិត និងចែកចាយវត្ថុសម្រាប់វេចខ្ចប់អាហារធ្វើពីផ្លាស្ទិកប្រើប្រាស់តែម្តងបោះចោល រួមទាំងផ្កាជ័រផ្លាស្ទិក រដ្ឋាភិបាលនឹងហាមប្រើប្រាស់ចាប់ពីខែមិថុនា ឆ្នាំ២០២៣ តទៅ ។ បម្រាមនេះ ជាការស្នើសុំពីគណៈកម្មការដែលរៀបចំឡើងកាលពី១៨ខែមុន ដើម្បីសិក្សាពីផលប៉ះពាល់ដោយសារសំរាមផ្លាស្ទិកទៅលើបរិស្ថាន និងជីវិតសត្វព្រៃ ។

កាលពីឆ្នាំ២០១៧ ប្រទេសស្រីលង្ការធ្លាប់បានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកផងដែរ ដោយសារវាមិនអាចរលាយងាយៗ និងហាមនាំចូលវត្ថុសម្រាប់វេចខ្ចប់អាហារធ្វើពីផ្លាស្ទិក ។ លើសពីនេះ របស់ក្មេងលេងធ្វើពីផ្លាស្ទិកដែលនាំចូលពីក្រៅប្រទេស ក៏ត្រូវហាមឃាត់ដែរ ។ ការហាមឃាត់ប្រើប្រាស់ផ្លាស្ទិក ខណៈកាលពី២ឆ្នាំមុន មានដំរី និងក្តាន់ងាប់បន្តបន្ទាប់គ្នា ដោយសារវាស៊ីអាហារក្នុងធុងសំរាមដែលមិនបានបិទគំរប ហើយតាមលទ្ធផលពិនិត្យឃើញថា សត្វព្រៃទាំងនេះបានងាប់ដោយសារវាស៊ីផ្លាស្ទិកផ្សំជាមួយកាកសំណល់អាហារ ។

គួរបញ្ជាក់ថា មិនមែនមានតែប្រទេសស្រីលង្ការមួយទេ ដែលបានហាមឃាត់ការប្រើប្រាស់ផ្លាស្ទិក ក្នុងនោះប្រទេសមួយចំនួនក៏មានយុទ្ធនាការកាត់បន្ថយការប្រើផ្លាស្ទិកផងដែរ ដើម្បីជួយរក្សាបរិស្ថានពិភពលោក ដូចជា អង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ខណៈពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសំរាមផ្លាស្ទិកកាន់តែធ្ងន់ធ្ងរ ៕ ប្រភព ៖ TNN Earth










