ហុងកុង ៖ ការិយាល័យស្ថិតិ និងជំរឿនពលរដ្ឋរបស់រដ្ឋាភិបាលហុងកុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរាយការណ៍ជាបណ្តោះអាសន្នពីចំនួនពលរដ្ឋហុងកុងថា នៅចុងឆ្នាំ២០២២ ស្មើប្រមាណ៧.៣៣៣.២០០នាក់ ធ្លាក់ចុះ៦៨.៣០០នាក់ ឬ០,៩% ពីចំនួន៧.៤០១.៥០០នាក់នៅចុងឆ្នាំ២០២១ ។ លើសពីនេះ រដ្ឋាភិបាលក៏បានប្រកាសថា ហុងកុងកំពុងតែខ្វះខាតអ្នកមានជំនាញពីបរទេសមកធ្វើការផងដែរ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ការធ្លាក់ចុះចំនួនពលរដ្ឋតាមធម្មជាតិនៅចុងឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២២ ស្មើប្រមាណ២៩.៥០០នាក់ និងមានអត្រាកំណើតថ្មីចំនួន៣២.៥០០នាក់ ហើយមានពលរដ្ឋស្លាប់ចំនួន៦២.១០០នាក់ ។:max_bytes(150000):strip_icc()/hong-kong-china-HONGKONGTG0721-c513469a8c7c4c27b67f6a5ea2fadc2b.jpg)
អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបានឱ្យដឹងថា ជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់ការមករស់នៅហុងកុងរបស់អ្នកមានទេពកោសល្យ ជាពិសេស អ្នកកាន់ទិដ្ឋាការការងារ ទិដ្ឋាការស្នាក់នៅរយៈពេលខ្លី ខណៈចំនួនពលរដ្ឋបានធ្លាក់ចុះនៅឆមាសទី២ ឆ្នាំ២០២២ គឺតិចជាង បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ។ វាឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនៃចំនួនពលរដ្ឋហុងកុងត្រឡប់មកសភាពធម្មតាឡើងវិញបន្តិចម្តងៗ ។
គេសង្កេតឃើញថា មានកត្តាជាច្រើនបានជះឥទ្ធិពលដល់លំហូរចូលរបស់អ្នកមានជំនាញកាន់តែតិចទៅៗ នៅពេលសង្គម និងសេដ្ឋកិច្ចរបស់ហុងកុងត្រឡប់មករកសភាពធម្មតាវិញ ខណៈហុងកុងបានបើកឱ្យមានការធ្វើដំណើរជាធម្មតារវាងពលរដ្ឋហុងកុងជាមួយប្រទេសចិន និងប្រទេសនានាទូទាំងពិភពលោក ។
អ្នកនាំពាក្យរដ្ឋាភិបាលហុងកុងបន្ថែមថា រដ្ឋាភិបាលហុងកុងមានគោលដៅទទួលយកអ្នកមានជំនាញយ៉ាងតិចចំនួន៣៥.០០០នាក់ក្នុង១ឆ្នាំ ដោយអនុញ្ញាតឱ្យពួកគេអាចរស់នៅហុងកុងយ៉ាងតិច១២ខែ តាមរយៈផែនការទទួលយកអ្នកមានជំនាញមករស់នៅហុងកុង រវាងឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ៕
ប្រភព ៖ newpapertoday










