ស្ថានភាពវិបត្តិ ស្បៀងអាហារនៅកូរ៉េខាងជើង ហាក់កាន់តែធ្ងន់ធ្ងរទៅៗ ខណៈដែលកាសែត មួយបានរាយការណ៍ថា វាគឺជាលើកទីមួយហើយដែលកូរ៉េខាងជើងបាន សម្រេចកាត់បន្ថយអាហារូបត្ថម្ភដល់ទាហានរបស់ខ្លួនក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។
យោងតាមក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានទទួលស្គាល់ថា ខ្លួនកំពុងជួបបញ្ហាខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ការថ្លែងរបស់ក្រសួងបែបនេះ គឺបានយោងទៅលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងអំពីផែនការសម្រាប់កិច្ចប្រជុំគណបក្សកាន់អំណាចបន្ទាន់មួយនៅក្នុងខែនេះស្តីពីវិស័យកសិកម្ម។
គួរដឹងដែរថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ កូរ៉េខាងជើងបានទទួលរងនូវវិបត្តិខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះទុរ្ភិក្សកាលពីទសវត្សរ៍ ឆ្នាំ១៩៩០ ដែលជារឿយៗ វាជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ជាដើម ដែលបានបំផ្លាញទិន្នផលកសិកម្មអស់គ្មានសល់៕
ប្រភព៖ Reuters










