ប្រទេសអារ៉ាប៊ីសាអូឌីត ៖ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយទៀតដែលបានចាប់ផ្តើមប្រើប្រាស់គំនូសពន្លឺបំភ្លឺផ្លូវ បន្ទាប់ពីប្រទេសអូស្ត្រាលី និងបារាំង ដែលចាប់ផ្តើមប្រើគំនូសពន្លឺបំភ្លឺផ្លូវកាលពីពេលមុននេះ ។ ការប្រើប្រាស់គំនូសនេះមានប្រយោជន៍ច្រើនដូចជា មានសុវត្ថិភាព កាត់បន្ថយការចំណាយប្រាក់លើការជួសជុលផ្លូវ និងកាត់បន្ថយការដាក់បង្គោលភ្លើងផងដែរ ។
គំនូសពន្លឺបំភ្លឺផ្លូវនឹងជួយឱ្យការបើកបរយានយន្តលើផ្លូវងងិតមានសុវត្ថិភាព ដូចជា ការបើកបរឡើងភ្នំ ឬការបើកបរនៅតំបន់ឆ្ងាយ ដែលអ្នកបើកបរមើលមិនឃើញផ្លូវ បើទោះជាពួកគេប្រើចង្កៀងភ្លើងក្រោមរថយន្តក្តី និងជួយកាត់បន្ថយការប្រើប្រាស់ភ្លើងសញ្ញាខ្ពស់ (ចង្កៀងភ្លើងបាញ់ឆ្ងាយ) ។ ដូច្នេះ ការប្រើប្រាស់ចង្កៀងភ្លើងមុខពេលបើកបរផ្លូវឆ្ងាយបញ្ច្រាសទិសគ្នា ធ្វើឱ្យកើតគ្រោះថ្នាក់រាប់មិនអស់ ។
លើសពីនេះ គំនូសពន្លឺបំភ្លឺផ្លូវនឹងអាចកាត់បន្ថយការចំណាយប្រាក់លើការជួសជុលផ្លូវក្នុងរយៈពេលយូរ ខណៈវារឹងមាំជាងផ្លូវធម្មតា ។ ប្រទេសអារ៉ាប៊ីសាអូឌីតងាកមកប្រើប្រាស់គំនូសពន្លឺបំភ្លឺផ្លូវ ដើម្បីធ្វើឱ្យទីក្រុងមានរបៀបរៀបរយជាងការដាក់បង្គោលភ្លើងជាច្រើនតាមដងផ្លូវ ។
គំនូសពន្លឺបំភ្លឺផ្លូវ មានពណ៌ស្រដៀងគ្នានឹងស្ទិកក័រភ្លឺចែងចាំងដែលអាចមើលឃើញក្នុងទីងងិត ប៉ុន្តែទោះយ៉ាងណា នៅប្រទេសអូស្ត្រាលីឯណោះវិញបានជួបបញ្ហាមួយចំនួន ពីព្រោះពន្លឺភ្លើងពណ៌លើគំនូសបានរលត់បាត់ ដោយសារវាស្រូបពន្លឺមិនគ្រប់គ្រាន់ក្នុងអំឡុងពេលថ្ងៃ និងមានភ្លៀងធ្លាក់ខ្លាំង ។ ហេតុនេះ យើងឃើញថា ការប្រើប្រាស់ផ្លូវនេះបានសម្រួលដល់អ្នកបើកបររថយន្តជាច្រើនដូចជា កាត់បន្ថយគ្រោះថ្នាក់ពេលបើកបរនៅតាមតំបន់ឆ្ងាយៗ បើកលើផ្លូវឡើងភ្នំខ្ពស់ ឬបើកចុះភ្នំ ខណៈផ្លូវខ្លះគ្មានបង្គោលភ្លើងបំភ្លឺទេ ៕

ប្រភព ៖ springnews










