្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ អ្នកនាង ឆៈណក ចន្ថាថង សមាជិកសភាមកពីគណបក្សភឿថៃ បានលើកឡើងពីភាពបរាជ័យរបស់រដ្ឋាភិបាលថៃក្នុងការបង្ក្រាបថ្នាំញៀន ដោយអនុញ្ញាតឱ្យមានការប្រើប្រាស់កញ្ឆា ដែលធ្វើឱ្យពិបាកព្យាបាលអ្នកញៀនថ្នាំ និងបន្ថែមចំនួនអ្នកជំងឺផ្លូវចិត្តផងដែរ ។
អ្នកនាង ឆៈណក ឱ្យដឹងថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានេះទេ ព្រោះបានកាត់បន្ថយថវិកាសម្រាប់ការបង្ក្រាបថ្នាំញៀន និងស្តារនីតិសម្បទា ។ យោងតាមព័ត៌មានពីការិយាល័យថវិកាឃើញថា ថវិកាសម្រាប់បង្ក្រាបថ្នាំញៀនក្នុងឆ្នាំ២០២១ ស្មើ១.០៥៨លានបាត និងនៅឆ្នាំ២០២២ ស្មើតែ៧៤៤លានបាតប៉ុណ្ណោះ គឺធ្លាក់ចុះ៣០% ។
អ្នកនាង ឆៈណក បានលើកឡើងថា ហេតុការណ៍បាញ់ប្រហារមួយនៅខេត្តណងប៊ូឡាំភូ គឺជាការបង្ក្រាបថ្នាំញៀនបរាជ័យរបស់រដ្ឋាភិបាល ។ នាងបន្តថា បើយើងក្រឡេកមើលឆ្នាំ២០០១ កន្លងមក លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ធ្លាប់បានប្រកាសសង្គ្រាមជាមួយថ្នាំញៀន ហើយពេលនោះ ថ្នាំញៀនបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ក្រោយមក នៅឆ្នាំ២០១១ លោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ត្រីថៃ ក៏បានប្រកាសបង្ក្រាបថ្នាំញៀនផងដែរ និងចាត់ទុកបញ្ហាថ្នាំញៀនជារបៀបវារៈជាតិ ។ ដូច្នេះឃើញថា វាផ្ទុយនឹងអ្វីដែលលោក ប្រាយុទ្ធ ចាន់អូចា និយាយថា ទោះជាមាននាយករដ្ឋមន្ត្រី១០០នាក់ ក៏មិនអាចដោះស្រាយបញ្ហាថ្នាំញៀនបានដែរ ៕ ប្រភព ៖ khaosod










