វត្តសំពៅប្រាំ គឺជាវត្តអារាមតូចច្រឡឹងមួយបែបព្រះពុទ្ធសាសនាថេវាទ ដែលកសាងនៅដើមសតវត្សទី២០ មានទីតាំងស្ថិតនៅកំពូលភ្នំបូកគោ ខេត្តកំពត។
វត្តនេះជាកសាងឡើងក្នុងឆ្នាំ ១៩២៥ ក្នុងរជ្ជកាលព្រះបាទ សុីសុវត្ថិ មុនីវង្ស មានភាពប្រហែលនឹងព្រះរាជដំណាក់របស់ទ្រង់ ដែលស្ថាបនានៅផ្នែកម្ខាងទៀត។
វត្តសំពៅប្រាំ ឋិតនៅលើខ្ពង់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះ រាជការបានតែងតាំងជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ ។ ភ្នំនេះ ឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃ គេកាត់ចេញដោយឡែក ជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេស ដាច់ចេញពីខេត្តកំពត។
សំណង់វត្តនេះ តាំងនៅលើដីខ្ពស់ជាកំពូលភ្នំ ដ៏មានផែនថ្មធំៗ នៅពាសពេញ ចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយ ប្រមាណជាង ១០ ម៉ែត្រ និង កម្ពស់ប្រហែលជិតដប់ម៉ែត្រដែរ ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែត ខ្ពស់ទ្រទុងនៅឃើញរូបភាពនៃថ្មទាំង ៥ ផែននេះ មានសណ្ឋានដូចសំពៅ ៥ កំពុងបើកក្ដោង ហើយការកសាងវត្តនេះ ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មតថា “វត្តសំពៅប្រាំ” ៕ 













