កាលពីយប់​ថ្ងៃ​អាទិត្យ​ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាបណ្ណ​សារព័ត៌មានវីអូឌី (VOD) ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​លើ​ការ​ចុះ​ផ្សាយ​នា​សប្តាហ៍​នេះ ជុំវិញរឿង​រ៉ាវ​ដែល​មាន​ការ​លើក​ឡើង​ថា ​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​មួយ​ច្បាប់​ ស្តីពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី។

តែយ៉ាងណាមិញ​ មកទល់ពេលនេះ​ សម្តេចតេជោហ៊ុនសែន ក៏បានផ្តល់ឱ្យអតីតបុគ្គលិកវីអូឌី នៅក្របខ័ណ្ឌរដ្ឋ ដោយសម្តេចបានមានប្រសាសន៍ថា៖ “ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទនិងគ្មានឱកាសបើកឡើងវិញនិងដោយគិតទៅដល់ជីវភាពបុគ្គលឹកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបំរើកិច្ចការរដ្ឋ។ សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំ ធ្វើការ។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំនិងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុង របស់យើងហើយយើងសូមបញ្ជាក់ថានឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធ មកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយព្រោះ នេះជាកិច្ចការផ្ទៃក្នុងរបស់យើង។
ការបិទចោលវិទ្យុដែលគ្មានក្រមសិលធម៍មួយវាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់និង ពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជាថែមទៀតផង”៕