សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ មានអ្នកស្លាប់យ៉ាងតិច៣នាក់ និងរងរបួស៥នាក់ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក ហើយអ្នករងរបួសទាំង៥នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យហើយ ។
ប៉ូលិសបញ្ជាក់ថា ជនសង្ស័យបានស្លាប់ដោយសារគ្រាប់កាំភ្លើង ដែលគេគិតថា ជាការបាញ់ខ្លួនឯង ហើយនៅមិនទាន់ជ្រាបទេថា ជននោះជាអ្នកណា ។ អ្នកលេង Twitter បានចែកចាយរូបភាពបុរសម្នាក់កំពុងដើរជាមួយនឹងកាបូបស្ពាយនៅពីក្រោយ ដែលអាចជាជនសង្ស័យ និងរូបភាពនិស្សិតរៀននៅសាកលវិទ្យាល័យម្នាក់ពាក់អាវយឺតសរសេរថា «Oxford» ដើម្បីរំលឹកដល់ជនរងគ្រោះដោយសារគ្រាប់កាំភ្លើងក្នុងហេតុការណ៍បាញ់ប្រហារមួយនៅសាលារៀនឈ្មោះ Oxford ក្នុងរដ្ឋ Michigan កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អ្នកបានឃើញហេតុការណ៍ម្នាក់ប្រាប់ថា ឃើញរថយន្តពេទ្យ និងរថយន្តពន្លត់អគ្គិភ័យ ដំបូងរូបគេគិតថា មានហេតុការណ៍ភ្លើងឆេះ បន្ទាប់មកឃើញរថយន្តប៉ូលិសជាច្រើនគ្រឿង ដែលប៉ូលិសប្រដាប់ដោយអាវុធបានបំបែកគ្នាចូលទៅកាន់កន្លែងនោះ ទើបគេជឿថា មានហេតុការណ៍បាញ់គ្នាកើតឡើង ។
ខាងសាកលវិទ្យាល័យបានផ្ញើសាដាស់តឿនទៅកាន់និស្សិតរបស់ខ្លួនថា មានហេតុការណ៍បាញ់គ្នា ធ្វើឱ្យនិស្សិតប្រញាប់បិទទ្វារ និងបង្អួច ខណៈរថយន្តប៉ូលិសបើកចូលមកជាបន្តបន្ទាប់ប្រមាណជា៣០គ្រឿង ។ យោងតាមវែបសាយរបស់សាកលវិទ្យាល័យបង្ហាញថា មាននិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនេះចំនួន៥ម៉ឺននាក់៕
ប្រភព ៖ NationWorldNews










