បងប្អូនមួយចំនួនបានលឺគេនិយាយថា “ដូងដាង” ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូង តាមពិតផ្លែដាងនេះពិតជាមានមែន ហើយបើតាមវនានុក្រមសម្តេចជួនណាត ដាង ជាឈើដំណាំស្រុកមួយប្រភេទពពួកដូង មានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង ភាគច្រើនវាមាននៅក្នុងខេត្តបាត់ដំបង។
ដើមដាង និងដើមដូងមានសណ្ឋានប្រហាក់ប្រហែលគ្នា បើមិនពិនិត្យឱ្យច្បាស់ទេពិតជាច្រឡំគ្នាមិនខាន។ ដើមដាងពេលចេញផ្កាមកមានក្តិបតោងជាប់នឹងផ្កាតែម្តង ដែលខុសពីដូងមានស្មែងដូងចេញនិងមានក្តិបតោងជាប់ជាមួយ។ មួយវិញទៀត ផ្លែដាងលក្ខណៈស្តួចផ្នែកខាងក្រោម ជាងផ្លែដូងដែលខ្លះមានលក្ខណៈទាលក្រោម។ ទាំងដើម ទាំងស្លឹក ទាំងទឹក និងសាច់គឺដាង មិនខុសគ្នាពីដូងនោះទេ ហើយផ្លែដាងទុំអាចយកសាច់ធ្វើជាខ្ទិះសម្រាប់ធ្វើនំ ឬបង្អែមដូចគា្ននឹងដូងដែរ។
ផ្លែនេះមិនសូវមានទីផ្សារដូចផ្លែដូងប៉ុន្មានោះទេ ដូចនេះវាមិនត្រូវបានលើកទឹកចិត្តឱ្យដាំយកផ្លែលក់នោះទេ ដោយត្រឹមតែដាំមួយដើម ទៅពីរដើម លំអក្នុងបរិវេណផ្ទះបានហើយ៕












