ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃក្នុងការលុបចោលគោលនយោបាយស្នាក់នៅរយៈពេល ៦០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់ភ្ញៀវទេសចរបរទេស។ ក្នុងនោះ ក្រុមភ្ញៀវទេសចរជនជាតិកាណាដាបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដោយលើកឡើងថា ពួកគេនឹងឈប់ធ្វើដំណើរមកប្រទេសថៃញឹកញាប់ដូចមុនទៀតហើយ ហើយនឹងផ្លាស់ប្តូរគោលដៅកម្សាន្តមកកាន់ប្រទេសកម្ពុជា និងវៀតណាមវិញ ប្រសិនបើមិនអាចស្នាក់នៅក្នុងប្រទេសថៃលើសពី ៣០ ថ្ងៃ។

ភ្ញៀវទេសចរបរទេសជាច្រើនបានសម្តែងការខកចិត្ត ដោយសារតែការរៀបចំគម្រោងធ្វើដំណើរជួបការលំបាក និងត្រូវចំណាយប្រាក់ច្រើនជាងមុនក្នុងការស្នើសុំទិដ្ឋាការ។ កត្តានេះបានរុញច្រានឱ្យពួកគេសម្រេចចិត្តប្តូរទិសដៅមកកម្សាន្តនៅកម្ពុជា និងវៀតណាមជំនួសវិញ ព្រោះប្រទេសទាំងពីរមានគោលនយោបាយទិដ្ឋាការអំណោយផល មានតម្លៃសមរម្យ និងបង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅកម្សាន្តរយៈពេលវែង។
.jpg)
ម្យ៉ាងទៀត ថ្លៃស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរប្រចាំថ្ងៃក្នុងប្រទេសទាំងពីរក៏មានកម្រិតទាប ដែលស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់សន្សំសំចៃថវិកា។
ភ្ញៀវទេសចរជនជាតិកាណាដាម្នាក់ ដែលធ្លាប់ធ្វើដំណើរមកប្រទេសថៃរហូតដល់ ២៥ ដងក្នុងមួយឆ្នាំ បានប្រាប់សារព័ត៌មាន BBC News ថៃ កាលពីថ្ងៃទី២១ ខែឧសភា ថា ខ្លួនពិតជាខកចិត្តចំពោះការលុបចោលគោលនយោបាយនេះ។ លោកបានបញ្ជាក់ថា បើទោះបីជាខ្លួនស្រឡាញ់ប្រទេសថៃយ៉ាងណាក៏ដោយ ប៉ុន្តែនឹងឈប់មកលេងញឹកញាប់ដូចមុនទៀតហើយ ព្រោះគោលនយោបាយថ្មីនេះមិនមែនប៉ះពាល់តែរូបលោកនោះទេ គឺប៉ះពាល់ដល់ភ្ញៀវទេសចរទាំងអស់។.jpg)
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរបរទេសមកពីបណ្តាប្រទេសផ្សេងៗទៀត ក៏បានបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នផងដែរ ដោយពួកគេមានអារម្មណ៍ថា ប្រទេសថៃលែងស្វាគមន៍ពួកគេដូចមុន។ ពួកគេយល់ថា វាអយុត្តិធម៌ណាស់ដែលរដ្ឋាភិបាលថៃអនុវត្តវិធានការនេះលើភ្ញៀវទេសចរគ្រប់ជាតិសាសន៍ តែដោយសារតែបញ្ហាបង្កឡើងដោយភ្ញៀវទេសចរមកពីប្រទេសមួយចំនួនតូចប៉ុណ្ណោះ។ លើសពីនេះ ភ្ញៀវទេសចរខ្លះបានសម្រេចចិត្តឈប់ស្នាក់នៅប្រទេសថៃ ដោយសារតែធ្លាប់រងការបោកប្រាស់ពីក្រុមហ៊ុនទេសចរណ៍ថៃរហូតដល់ ១១ ដង ជុំវិញរឿងរត់ការស្នើសុំទិដ្ឋាការ និងត្រូវខាតបង់ប្រាក់អស់រាប់សែនបាត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា គណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលគោលនយោបាយស្នាក់នៅ ៦០ ថ្ងៃដោយគ្មានទិដ្ឋាការ សម្រាប់ទេសចរមកពី ៩៣ ប្រទេស ក្រោមហេតុផលពង្រឹងសន្តិសុខ ការពារកុំឱ្យជនបរទេសប្រព្រឹត្តទង្វើខុសច្បាប់ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ឱ្យស្របតាមតម្រូវការជាក់ស្តែង។ តាមរយៈវិធានការថ្មីនេះ ភ្ញៀវទេសចរមកពី ៥០ ប្រទេស នឹងត្រូវកាត់បន្ថយរយៈពេលស្នាក់នៅត្រឹម ៣០ ថ្ងៃ ខណៈភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត អាចស្នាក់នៅបានត្រឹម ១៤ ថ្ងៃ ឬច្រើនជាងនេះ អាស្រ័យលើកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងនោះជាមួយរដ្ឋាភិបាលថៃ។.jpg)
អាជ្ញាធរថៃបានសង្កត់ធ្ងន់ថា គោលនយោបាយនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់បទល្មើសឆ្លងដែន និងការធ្វើអាជីវកម្មខុសច្បាប់ពីសំណាក់ជនបរទេស ដែលឆ្លៀតឱកាសប្រើប្រាស់ទិដ្ឋាការទេសចរណ៍ដើម្បីស្នាក់នៅរយៈពេលវែង ហើយបទបញ្ជាថ្មីនេះនឹងត្រូវចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ៕










