ប្រទេសក្រូអាត ៖ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រទេសក្រូអាតបានប្រកាសលក់កោះរាងបេះដូងដ៏ល្បីល្បាញលើពិភពលោក សម្រាប់ថ្ងៃក្តីស្រឡាញ់ដល់អ្នកចាប់អារម្មណ៍ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលត្រូវបានភ្ញៀវទេសចរដាក់ឈ្មោះថា «កោះក្តីស្រឡាញ់» ។
កោះរាងបេះដូង ឬកោះក្តីស្រឡាញ់ គឺជាកោះមួយស្ថិតក្នុងចំណោមកោះ Galesniak ។ វាស្ថិតនៅក្រៅឆ្នេរសមុទ្រ Adriatic ជាប្រជុំកោះដែលគេស្គាល់ច្រើននៅប្រទេសក្រូអាត ហើយបច្ចុប្បន្ន ក្រូអាតបានបើកឱកាសដល់អ្នកចាប់អារម្មណ៍អាចទិញវាបាន ។
Silvestro Cardum ជាឈ្មួញកណ្តាលប្រាប់ថា កោះនេះមានមនុស្សម្នា និងភ្ញៀវទេសចរនាំគ្នាមកថតរូបទុកជាអនុស្សាវរីយ៍រាប់លានរូបក្នុង១ឆ្នាំៗ ។ វាបង្ហាញឱ្យឃើញថា កោះនេះជាទីកន្លែងនិយមចូលចិត្តរបស់មនុស្សជាច្រើនទូទាំងពិភពលោក បើទោះជានៅលើកោះ និងបណ្តាកោះផ្សេងទៀតគ្មានមនុស្សរស់នៅ គ្មានសណ្ឋាគារ គ្មានភូមិគ្រឹះ ឬសូម្បីតែភោជនីយដ្ឋាន ក៏គ្មានដែរ ។ ប៉ុន្តែមានអ្នកល្បីល្បាញយកទូករបស់ពួកគេមកចតនៅទីនេះ ដើម្បីគយគន់ទេសភាពស្រស់ស្អាត និងសម្រាកលំហែរកាយជាប្រចាំនៅរដូវក្តៅ ដូចជា Beyoncé ម្ចាស់ភ្លេង R&B ជនជាតិអាមេរិក ក៏ធ្លាប់មកប្រារព្ធខួបកំណើតគម្រប់៣៩ឆ្នាំនៅលើកោះនេះដែរ ។ លើសពីនេះ Michael Jordan ក៏បានមកលេងទីនេះកាលពីឆ្នាំ២០២២ រួមទាំងលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon ក៏មកលេងទីនេះដូចគ្នា ។
ឈ្មួញកណ្តាលប្រាប់ថា គេនឹងលក់ផ្នែកខ្លះនៃកោះដល់អ្នកចាប់អារម្មណ៍ក្នុងតម្លៃត្រឹមតែ១៣លានយូរ៉ូប៉ុណ្ណោះ ហើយកន្លងមក មានអ្នកទាក់ទងសាកសួរជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្របុរាណវិទ្យានៅសាកលវិទ្យាល័យ Zadar ប្រទេសក្រូអាត បានរកឃើញស្នាមដានថា ធ្លាប់មានមនុស្សរស់នៅទីនេះកាលពីជាង៧.០០០ឆ្នាំមុន ៕![]()
ប្រភព ៖ tnnthailand










