កាលពីឆ្នាំ២០២២ ភ្នាក់ងារបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានដាស់តឿនថា ពិភពលោកកំពុងធ្លាក់ចូលក្នុងវិបត្តិខ្វះខ្សាច់ (Sand Crisis) ខណៈក្នុងរយៈពេល២០ឆ្នាំកន្លងមក មនុស្សបានប្រើប្រាស់ខ្សាច់រហូតដល់៥ម៉ឺនលានតោន/១ឆ្នាំ ឬស្មើប្រមាណ១៧គីឡូក្រាមសម្រាប់មនុស្សម្នាក់/១ថ្ងៃ ដោយសារការពង្រីកទីក្រុង និងចំនួនមនុស្សកើនឡើងជារឿយៗ ។
នៅពេលពិភពលោកមានខ្សាច់ដ៏ច្រើន ប៉ុន្តែហេតុអ្វីបានជាខ្វះខ្សាច់ទៅវិញ ? ការពិត យើងមិនអាចយកខ្សាច់ពីសមុទ្រខ្សាច់មកប្រើប្រាស់បានទេ ព្រោះខ្សាច់ទាំងនេះឆ្លងកាត់ខ្យល់ខ្លាំង រហូតធ្វើឱ្យវាទន់ បើយើងយកវាមកប្រើក្នុងសំណង់ ឬប្រើធ្វើអ្វីផ្សេងៗ វាគ្មានកម្លាំងស្អិតគ្រប់គ្រាន់ទេ បណ្តាលឱ្យសំណង់មិនរឹងមាំ ហើយប្រឈមនឹងការដួលរលំទៀតផង ។ ជាក់ស្តែង ការសាងសង់អគារ Burj Khalifa ដែលមានកម្ពស់ខ្ពស់បំផុតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម បើទោះជាប្រទេសនេះជាប្រទេសសមុទ្រខ្សាច់ក្តី ប៉ុន្តែបែរជានាំចូលខ្សាច់ពីប្រទេសអូស្ត្រាលី ដែលនៅឆ្ងាយពីគ្នាចម្ងាយ១ម៉ឺនគីឡូម៉ែត្រមកប្រើប្រាស់ជំនួសវិញ ។ ដូច្នេះ គេចាំបាច់ត្រូវយកខ្សាច់ពីបាតសមុទ្រ ឆ្នេរសមុទ្រ និងដងទន្លេ ដែលស្អិតមកប្រើប្រាស់ប្រសើរជាង ។
តំបន់សម្បូរខ្សាច់កំពុងត្រូវបានបំពានដោយសារការពង្រីកទីក្រុងរបស់មនុស្ស ខណៈការប្រើប្រាស់បានកើនឡើងយ៉ាងខ្លាំង ដោយពួកគេបានជីកខ្សាច់ជាច្រើន ឬប្រើម៉ាស៊ីនបូមខ្សាច់ ។ អង្គការសហប្រជាជាតិ (UN) បារម្ភថា ខ្សាច់កំពុងខ្វះខាត និងអស់ពីក្នុងពិភពលោក ។ ខ្សាច់អាចរក្សាតុល្យភាពរបស់ទឹក បើគេជីកវាអស់ច្រើនពេកបណ្តាលឱ្យតំបន់នោះមានទឹកជំនន់ញឹកញាប់ និងខ្លាំងក្លា ដូចជា ករណីជីកខ្សាច់នៅប្រទេសស្រីលង្ការ បានធ្វើឱ្យក្រសែទឹកផ្លាស់ប្តូរ ហើយទឹកសមុទ្រហូរចូលច្រាំងកាន់តែច្រើន ។
ក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បង្ហាញថា ដើម្បីចៀសវាងការខ្វះខ្សាច់ រដ្ឋាភិបាលប្រទេសផ្សេងៗគួរតែចេញច្បាប់ហាមឃាត់ការជីកខ្សាច់នៅតាមឆ្នេរសមុទ្រ ។ យើងឃើញថា អ្វីៗនៅជុំវិញខ្លួនយើងដូចជា ការសាងសង់ រហូតដល់ការផលិតទូរស័ព្ទដៃ ក៏ប្រើធាតុផ្សំពីខ្សាច់ដែរ ហេតុនេះ ការរក្សាសមតុល្យការលូតលាស់នៃសេដ្ឋកិច្ច និងបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ខ្សាច់ធម្មជាតិ នឹងជួយដោះស្រាយបញ្ហាខ្វះខ្សាច់បាន ៕
ប្រភព ៖ newpapertoday










