យន្តហោះ AG600 Kunlong គឺជាយន្តហោះដែលមានលទ្ធភាពបើកលើទឹកបាន ធំជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានប្រទេសចិនដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។
យន្តហោះនេះ មានសមត្ថភាពផ្ទុកមនុស្សបាន ៥០នាក់ និងអាចហោះលើលំហអាកាស និងលើទឹកបានរយៈពេល ១២ម៉ោង។ ដើម្បីផលិតបានយន្តហោះនេះ ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ដែលជាក្រុមហ៊ុនរដ្ឋរបស់ចិន ចំណាយពេលជិត ៥ឆ្នាំ។
គ្រាដែលបង្កើតដំបូងយន្តហោះនេះ គ្រាន់តែប្រើប្រាស់ដើម្បីពន្លត់អគ្គិភ័យ ក៏ដូចជាប្រតិបត្តិការជួយសង្គ្រោះនៅតាមសមុទ្រតែប៉ុណ្ណោះ ក៏ប៉ុន្តែមកទល់បច្ចុប្បន្នវាត្រូវបានចិនយកទៅប្រើប្រាស់ក្នុងវិស័យយោធា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺយន្តហោះ AG600 ចាប់ផ្ដើមការហោះហើរលើកដំបូងខ្លួនចេញពីព្រលានយន្តហោះ Zhuhai ដែលមានទីតាំងនៅភាគខាងត្បូងខេត្ត Guangdong។
ខេត្តនេះស្ថិតនៅកៀកតំបន់សមុទ្រចិនខាងត្បូង ដែលជាតំបន់កំពុងមានជម្លោះដែនទឹករវាងចិន និងប្រទេសអាស៊ានចំនួន ៤ ដូចជា វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ៕










