ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌចំនួន ៦ចំណុច និងអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍។ នេះបើយោងតាមមាត្រា ១៩ នៃសេចក្តីព្រាងច្បាប់ស្ដីពីសញ្ជាតិ ដែលត្រូវបានរដ្ឋសភាអនុម័ត ក្នុងអង្គប្រជុំរដ្ឋសភា កាលពីថ្ងៃ៣១ ឧសភា ២០១៩។
មាត្រានោះ បានចែងថា៖ ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖
១. មានគំនិត មារយាទ និងសីលធម៌ល្អ
២. ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ
៣. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេសអន្តោប្រវេសន៍
៤. មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខណ្ឌនៃច្បាប់ស្តីពីអន្តោប្រវេសន៍ ចំពោះជនបរទេស ដែលបានកំណត់នៅក្នុងមាត្រា២១ និងមាត្រា២២ នៃច្បាប់នេះ
៥. ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុម ព្រមទាំងទទួលបាននូវទំំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ
៦. មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ
សូមបញ្ជាក់ថា “សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិ” មាន ១០ជំពូក ចែកចេញជា ៣៨មាត្រា។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការអនុវត្តដែនយុត្តាធិការរបស់ព្រះរាជាណាចក្រកម្ពុជា ទៅលើរូបវន្តបុគ្គល ដើម្បីកំណត់នូវសិទ្ធិទទួលបាន និងសិទ្ធិលះបង់សញ្ជាតិខ្មែរ ចំពោះជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេស និងដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់នេះ៕










