ប្រទេសថៃ ៖ លោក តារ៉េត កាសាន់ណៃ រ៉ាវីវង្ស អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យជំងឺ ថ្លែងថា ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈសំខាន់សម្រាប់ប្រទេសថៃ និងពិភពលោក ។ សម្រាប់ពិភពលោក អង្គការសហប្រជាជាតិបានផ្តល់ភាពសំខាន់លើវិធីការពារការលង់ទឹក រហូតដល់មានការឯកភាពគ្នាក្នុងការពារការលង់ទឹក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ការលង់ទឹក គឺជាបញ្ហាសុខភាពសាធារណៈទូទាំងពិភពលោក ជាពិសេស នៅក្នុងក្រុមកុមារអាយុក្រោម១៥ឆ្នាំ គឺជាមូលហេតុនៃការស្លាប់លំដាប់ទី២ បន្ទាប់ពីជំងឺរលាកស្រោមខួរ ។ នៅក្នុងមួយឆ្នាំៗ ប្រទេសទូទាំងពិភពលោកមានអ្នកលង់ទឹកស្លាប់ចំនួន៣៧ម៉ឺន២ពាន់នាក់ ក្នុងនោះកុមារអាយុក្រោម១៥ឆ្នាំ មានចំនួន១៤ម៉ឺន៦ពាន់នាក់ ។.jpg)
ចំណែកប្រទេសថៃ តាមទិន្នន័យពីសំបុត្រមរណភាពក្នុងរយៈពេល១០ឆ្នាំកន្លងមក (ឆ្នាំ២០១២ ដល់ឆ្នាំ២០២១) មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន៣៥.៩១៥នាក់ ក្នុងនោះមានកុមារអាយុក្រោម១៥ឆ្នាំ ចំនួន៧.៣៧៤នាក់ ឬអាចនិយាយបានថា ក្នុងមួយថ្ងៃៗ ប្រទេសថៃមានអ្នកស្លាប់ដោយសារលង់ទឹកចំនួន១០នាក់ ។ កន្លងមក គេបានយកចិត្តទុកដាក់បង្ការការលង់ទឹកសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយសារវាជាមូលហេតុនៃការស្លាប់លំដាប់ទី១ ។
ប្រទេសថៃបានដាក់គោលដៅកាត់បន្ថយការស្លាប់ដោយសារលង់ទឹក នៅក្នុងផែនការយុទ្ធសាស្ត្រជាតិរយៈពេល២០ឆ្នាំ ។ នៅឆ្នាំ២០៣៧ ខាងមុខ ត្រូវកាត់បន្ថយអត្រាការស្លាប់ដោយសារលង់ទឹករបស់កុមារអាយុក្រោម១៥ឆ្នាំ មិនឱ្យលើសពី ២៩០នាក់ក្នុងកុមារចំនួន១សែននាក់ ខណៈបច្ចុប្បន្ន អត្រាការស្លាប់របស់កុមារស្មើ៦,៣% ឬ៦៦៧នាក់ ។ លើសពីនេះ ត្រូវកាត់បន្ថយអត្រាការស្លាប់ដោយសារលង់ទឹករបស់កុមារឱ្យធ្លាក់ចុះពីឆ្នាំ២០១៧ យ៉ាងតិច៥០% ឬមិនលើសពី១.៩៤០នាក់ ។ បច្ចុប្បន្ន មានកុមារស្លាប់ដោយសារលង់ទឹកចំនួន៣.៩៩០នាក់ ហេតុនេះ បញ្ហាប្រឈម គឺការធ្វើឱ្យពលរដ្ឋថៃស្លាប់ដោយសារលង់ទឹកថយចុះតាមគោលដៅកំណត់ ។
ទោះយ៉ាងណា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ប្រទេសទូទាំងពិភពលោកបានប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមនុស្សស្លាប់ដោយសារលង់ទឹកកើនឡើងខ្លាំងក្នុងប្រទេសជាច្រើន រួមទាំងថៃផងដែរបានកើនឡើងជិត១០% ៕
ប្រភព ៖ TNNHealth










