ប្រទេសថៃ ៖ សារព័ត៌មានថៃមួយចំនួនលើកឡើងថា ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមអនឡាញអំពីព័ត៌មានហាមភោជនីយដ្ឋានប៊ូហ្វេប្រើចង្ក្រានហ្គាសកំប៉ុងនៅលើតុអាហារ គឺខុសច្បាប់ និងដាក់ពិន័យជាប្រាក់មិនលើសពី៥ម៉ឺនបាត គឺជាព័ត៌មានក្លែងក្លាយ ប៉ុន្តែខាងមជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយបានស៊ើបអង្កេតស្វែងរកការពិតដោយមន្ទីរសុខាភិបាល និងក្រសួងសុខាភិបាលឃើញថា វាជាព័ត៌មានពិតប្រាកដ ។
ក្រសួងសុខាភិបាលបានចេញច្បាប់ស្តីពីអនាម័យនៅតាមភោជនីយដ្ឋាន ឬកន្លែងលក់ចំណីអាហារ ឆ្នាំ២០១៨ ដោយបានឱ្យអនុវត្តច្បាប់នេះតាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ដើម្បីគ្រប់គ្រងអនាម័យនៅតាមទីកន្លែងលក់អាហារនានា ។ ក្នុងច្បាប់នេះ ខ ១៧ គឺហាមឃាត់ការប្រើប្រាស់ចង្ក្រានហ្គាសកំប៉ុងសម្រាប់ចម្អិនអាហារលើតុ ឬកន្លែងទទួលទាន បើភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារទាំងនេះល្មើសច្បាប់របស់ក្រសួង គឺត្រូវដាក់ពិន័យមិនលើសពី៥ម៉ឺនបាត ។
ជាមួយគ្នានេះ កាលពីឆ្នាំ២០០២ ប្រទេសថៃក៏បានបង្កើតច្បាប់ហាមឃាត់នេះដែរ គឺ ខ ៩ ក្នុងច្បាប់នេះចែងថា ហាមប្រើចង្ក្រានហ្គាសកំប៉ុងក្នុងការចម្អិនអាហារលើតុទទួលទាននៅតាមភោជនីយដ្ឋាន ឬទីកន្លែងលក់អាហារ ។ បើភោជនីយដ្ឋាន ឬកន្លែងលក់អាហារល្មើសច្បាប់ គឺត្រូវពិន័យមិនលើសពី២៥.០០០បាត ។
ទោះយ៉ាងណា អ្នកប្រើចង្ក្រានហ្គាសកំប៉ុងនៅតាមលំនៅឋានត្រូវប្រុងប្រយ័ត្នជាពិសេស មិនគួរប្រើប្រាស់វាក្នុងរយៈពេលយូរបន្តបន្ទាប់គ្នា រហូតធ្វើឱ្យចង្ក្រានក្តៅហើយកំប៉ុងហ្គាសអាចផ្ទុះបាន រួមទាំងហាមយកកំប៉ុងនេះមកបញ្ចូលហ្គាសជាថ្មីដើម្បីប្រើបន្ត ៕ ប្រភព ៖ pptvhd36