តាមការស្រាវជ្រាវចុងក្រោយរបស់ Research and Markets អំពីវិស័យដឹកជញ្ជូនក្នុងភូមិភាគអាស៊ីអាគ្នេយ៍បញ្ជាក់ថា ឧស្សាហកម្មដឹកជញ្ជូនក្នុងភូមិភាគនេះនឹងរីកចម្រើនជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣២ ។ ភូមិភាគនេះមានប្រជាពលរដ្ឋសរុបជាង៦០០លាននាក់នៅចុងឆ្នាំ២០២១ ដែលធ្វើឱ្យមានអត្រាការលូតលាស់សេដ្ឋកិច្ចទូទៅខ្ពស់ជាងមធ្យមភាគទូទាំងពិភពលោក ។ របាយការណ៍នេះគ្របដណ្តប់ការសិក្សាលើប្រទេសកម្ពុជា សិង្ហបុរី ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម មីយ៉ាន់ម៉ា ព្រុយណេ និងឡាវ ។
តាមការស្រាវជ្រាវបង្ហាញថា កម្រិតសេដ្ឋកិច្ចនៃប្រទេសទាំង១០ ក្នុងអាស៊ានខុសប្លែកគ្នាយ៉ាងខ្លាំង ប៉ុន្តែសិង្ហបុរីជាប្រទេសអភិវឌ្ឍន៍រួចហើយ ដែលមានផលិតផលក្នុងស្រុកសរុប (GDP) ក្នុងម្នាក់ប្រមាណ៧៣.០០០ដុល្លារអាមេរិកនៅឆ្នាំ២០២១ ខណៈឆ្នាំ២០២១នេះ កម្ពុជា និងមីយ៉ាន់ម៉ា មាន GDP ក្នុងម្នាក់តិចជាង២.០០០ដុល្លារអាមេរិក ។
ជារួម ឧស្សាហកម្មដឹកជញ្ជូនក្នុងប្រទេសអាស៊ានបានអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំកន្លងមក ជាពិសេស ទីផ្សារកើតថ្មីៗកើនឡើងដូចជា វៀតណាម និងថៃ ដោយសេដ្ឋកិច្ចប្រទេសទាំងពីរបានលូតលាស់យ៉ាងឆាប់រហ័ស ដែលជួយជំរុញដល់ការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន ។ ចំណែកសិង្ហបុរីជាប្រទេសអភិវឌ្ឍន៍ខ្លាំងបំផុតក្នុងភូមិភាគអាស៊ានលើផ្នែកដឹកជញ្ជូនផ្លូវទឹក ដោយនៅឆ្នាំ២០២០ កំពង់ផែសិង្ហបុរីមានបរិមាណដឹកជញ្ជូនរវាងប្រទេសដល់៥៩០លានតោន ។
ឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់ដំបូងនៃប្រទេសក្នុងតំបន់អាស៊ាន ទាក់ទងនឹងបរិមាណអ្នកដំណើរក្នុងស្រុក និងការដឹកជញ្ជូនទំនិញ ។ ប្រទេសនេះមានអាកាសយានដ្ឋានជាង២០០កន្លែងផ្តល់សេវាកម្មក្នុងប្រទេស ប៉ុន្តែសម្រាប់សេវាកម្មហោះហើរជាអន្តរជាតិ ថៃបានជាប់លំដាប់លេខ១ ក្នុងភូមិភាគនេះ ដោយថៃមានការហោះហើរជាអន្តរជាតិជាង៨០លាននាក់នៅឆ្នាំ២០១៩ ខណៈព្រុយណេ និងឡាវ មានតែ២លាននាក់ប៉ុណ្ណោះ ។ ក្រៅពីនេះ វិនិយោគិនអន្តរជាតិជាច្រើនបានផ្លាស់ប្តូរទីតាំងផលិតរបស់ខ្លួនមកកាន់ភូមិភាគអាស៊ាន ហើយទំហំពាណិជ្ជកម្មបរទេសបានពង្រីក ដែលជួយជំរុញការអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូនក្នុងភូមិភាគផងដែរ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានកែលម្អការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ហើយក្នុងចំណោមនោះ គឺគម្រោងពង្រីក និងកែលម្អផ្លូវជាតិលេខ៧ ក្នុងខេត្តកំពង់ចាម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ថ្លែងថា ការពង្រីក និងកែលម្អផ្លូវមានសារសំខាន់យ៉ាងខ្លាំងដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ រួមទាំងដឹកជញ្ជូនកសិផល និងកសិឧស្សាហកម្មផងដែរ ៕
ប្រភព ៖ AEC Connect










