ប្រទេសរុស្ស៊ី ៖ តាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី៣០ ខែមករាថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងអំឡុងខួប១ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជាហេតុការណ៍សំខាន់នៃរបៀបវារៈទ្វេភាគីរបស់ប្រទេសទាំងពីរ ។ គេចាត់ទុកជាការមកកាន់ទឹកដីរុស្ស៊ីលើកដំបូងរបស់លោក ជិនពីង តាំងពីខែមិថុនា ឆ្នាំ២០១៩ ដែលមេដឹកនាំចិនបានចូលរួមប្រជុំសេដ្ឋកិច្ច រយៈពេល៣ថ្ងៃ នៅក្រុង Saint Petersburg ។
វាជាការជួបមុខគ្នាលើកដំបូងរបស់មេដឹកនាំទាំងពីរ បន្ទាប់ពីចិនបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។ មេដឹកនាំទាំងពីរបានជួបមុខគ្នាលើកចុងក្រោយនៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) នៅក្រុងសាម៉ាកខាន់ ប្រទេសអ៊ូសបេគីស្ថាន កាលពីកញ្ញា ឆ្នាំ២០២២ ។
ទោះយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ណាមួយពីប្រទេសចិន អំពីការធ្វើទស្សនកិច្ចរបស់មេដឹកនាំចិនទេ ។ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានអញ្ជើញលោក ជិនពីង ក្នុងពេលជជែកគ្នាតាមវីដេអូខល (video call) កាលពីចុងខែធ្នូ ឆ្នាំ២០២២ អំពីការសហការគ្នាលើផ្នែកជាច្រើន រួមទាំងពាណិជ្ជកម្ម និងថាមពលផងដែរ ។
សារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ដោយផ្អែកតាមក្រសួងការបរទេសរុស្ស៊ីថា ក្នុងឆ្នាំ២០២៣នេះ រុស្ស៊ី និងចិននឹងរួមដៃគ្នាពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទាំងពីរ ។
សម្រាប់ព័ត៌មានថា មេដឹកនាំចិននឹងធ្វើដំណើរទៅកាន់រុស្ស៊ីនោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Anthony Blinken ត្រៀមជួបជាមួយប្រទេសចិន នៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ ហើយអ្នកវិភាគបានចោទសួរពីការវិវត្តទៅមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
South China Morning Post រាយការណ៍ថា ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ីយូរមកហើយ ហើយការដាក់ទណ្ឌកម្មពាណិជ្ជកម្មពីប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដោយសារធ្វើសង្គ្រាមជាមួយអ៊ុយក្រែននោះ ធ្វើឱ្យពាណិជកម្មរបស់ពួកគេកើនឡើង ។
ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ថា កិច្ចសហការជាមួយប្រទេសជាមិត្តរបស់រុស្ស៊ីបានដំណើរការជាបន្តបន្ទាប់ ដើម្បីតស៊ូជាមួយការព្យាយាមរបស់អាមេរិកដែលចង់កាន់កាប់ពិភពលោក និងបញ្ជាក់ថា ចិនជាមិត្តរបស់រុស្ស៊ីក្នុងពេលបច្ចុប្បន្ននេះ ។ ស្របពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយធ្ងន់ធ្ងរ ទីក្រុងមូស្គូ និងប៉េកាំង បានសម្របសម្រួលគោលនយោបាយការបរទេសយ៉ាងមានប្រសិទ្ធភាព រក្សាសន្តិភាព និងស្ថេរភាពរបស់ពិភពលោក ដើម្បីបញ្ចប់ជម្លោះក្នុងភូមិភាគ ជម្នះការប្រឈមមុខដាក់គ្នា និងលើកកម្ពស់ការរួមកម្លាំង ៕
ប្រភព ៖ TNN World










