តាមការគូសបញ្ជាក់របស់រដ្ឋបាលខេត្តបាត់ដំបង គម្រោងស្តារឡើងវិញព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍលើកកម្រិតទៅជាខ្នាតអន្តរជាតិ។
លោកអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា “យើងនៅមិនទាន់កំណត់ពេលវេលាជាក់លាក់នឹងបើកការដ្ឋាននៅពេលណាទេ ប៉ុន្តែប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានឯកភាពឱ្យមានការសិក្សាប្រែក្លាយព្រលានយន្តហោះខេត្តបាត់ដំបងជាព្រលានយន្តហោះថ្នាក់ ៤C ប្រហាក់ប្រហែលនឹងព្រលានយន្តហោះរបស់ខេត្តសៀមរាបបច្ចុប្បន្ន”។ តាមពិតទៅគម្រោងសិក្សាអភិវឌ្ឍព្រលានយន្តហោះក្នុងខេត្តបាត់ដំបង ត្រូវចាប់ផ្តើមយូរមកហើយ ក៏ប៉ុន្តែដោយមានការរាំងស្ទះដោយសារបញ្ហាជំងឺកូវីដ។
គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះខេត្តបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លើទំហំដីជិត១ ម៉ឺនហិកតា ធំជាងព្រលានយន្តហោះភ្នំពេញថ្មីដែលកំពុងសាងសង់ជិត ៣ ដង ហើយដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៦៨ ដោយមានជើងហោះហើរទៅមករវាងភ្នំពេញនិងបាត់ដំបង។
យ៉ាងណាមិញ ដោយសារសង្គ្រាមកាលអំឡុងឆ្នាំ១៩៧០ ពិសេសក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការស្ទើរតែទាំងស្រុងតែម្តង៕
រូបភាព៖ Property Area










