ប្រទេសហ្វីលីពីន ៖ សារព័ត៌មាន Nikkei Asia រាយការណ៍ថា GDP ប្រទេសហ្វីលីពីនបានកើនឡើងនៅក្នុងឆ្នាំ២០២២ កន្លងមក ស្មើ៧,៦% គឺកើនលើសពីគោលដៅរបស់រដ្ឋាភិបាលកំណត់ពី៦,៥% ដល់៧,៥% ដោយសារការប្រើប្រាស់ក្នុងស្រុកបានកើនឡើងជាបន្តបន្ទាប់ បើទោះជាប្រទេសនេះប្រឈមមុខនឹងអតិផរណាខ្ពស់ក្តី ។
ជាមួយគ្នានេះ ប្រទេសហ្វីលីពីនឱ្យដឹងថា ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២២ គឺស្មើ៧,២% ចាត់ទុកថាខ្ពស់ ។ អ្នកវិភាគធ្លាប់រំពឹងកាលពីមុននេះថា GDP អាចមានកំណើនជាមធ្យម៦,៥% បើទោះជាហ្វីលីពីនប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចដោយសារកត្តាជាច្រើន ។
ទោះយ៉ាងណា ហ្វីលីពីននៅតែប្រឈមនឹងតម្លៃទំនិញកើនឡើងខ្ពស់ ដោយសារអតិផរណាកាលពីខែធ្នូ ឆ្នាំ២០២២ ដែលកើនខ្ពស់បំផុតក្នុងរយៈពេល១៤ឆ្នាំកន្លងមក គឺស្មើ៨,១% បណ្តាលឱ្យអតិផរណាជាមធ្យមប្រចាំឆ្នាំស្មើ៥,៨% គឺខ្ពស់ជាងគោលដៅអតិផរណារបស់ធនាគារកណ្តាលរំពឹងទុកថា ស្មើពី២% ទៅ៤% ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២២ ការនាំចូលរបស់ប្រទេសហ្វីលីពីនបានថយចុះ៩,៩% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ជាការថយចុះខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១ ។ ចំណែកការនាំចេញវិញថយចុះ៩,៧% ជាការថយចុះខ្លាំងបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០ ៕
ប្រភព ៖ The Better










