ប្រទេសឥណ្ឌា ៖ លោក Piyush Goyal រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសឥណ្ឌា បានចង្អុលបង្ហាញថា Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាធំនឹងផលិតទូរស័ព្ទ iPhone ឱ្យបាន២៥% នៅប្រទេសឥណ្ឌា ខណៈបច្ចុប្បន្ននេះ Apple បានផលិតត្រឹមតែ៥% ទៅ៧% ប៉ុណ្ណោះនៅឥណ្ឌា ។

កាលពីឆ្នាំ២០២២ Apple បានសម្រេចចិត្តផលិត iPhone 14 នៅឥណ្ឌា គេចាត់ទុកជាលើកដំបូងហើយដែល Apple បានផលិត iPhone ជំនាន់ចុងក្រោយបំផុតនៅប្រទេសនេះ ដោយក្រុមហ៊ុន Foxconn ។ បើទោះជា Apple បានផលិត iPhone នៅឥណ្ឌាតាំងពីឆ្នាំ២០១៧ ក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិត iPhone ដ៏ធំមួយមកពីតៃវ៉ាន់ ដែលមានរោងចក្រនៅតំបន់ស្រ៊ីពឺរាំ ប៊ូឌូ ភាគខាងកើតប្រទេសឥណ្ឌា បានផលិតទូរស័ព្ទម៉ូដចាស់ៗ ។

ភ្នាក់ងារព័ត៌មាន CNBC ចង្អុលបង្ហាញថា Apple បានពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅក្រៅប្រទេសចិនយូរមកហើយ ក្រោយពីចិនជួបបញ្ហាជំងឺកូវីដ-១៩ ឆ្លងរាលដាល និងការតវ៉ាពីបណ្តាពលរដ្ឋទៅលើគោលនយោបាយរឹតបន្តឹងជំងឺកូវីដរបស់ចិន ។
បច្ចុប្បន្ន បើទោះជា Apple មានចំណែកទីផ្សារស្មាតហ្វូននៅឥណ្ឌាត្រឹមតែ៥%ក្តី ប៉ុន្តែលោក Tim Cook ប្រធានក្រុមហ៊ុន Apple បានឃើញពីសក្តានុពលនៅប្រទេសឥណ្ឌាយូរមកហើយ ។

អ្នកវិភាគមកពី JPMorgan ធ្លាប់បាននិយាយកាលពីខែកញ្ញា ឆ្នាំ២០២២ ថា Apple នឹងអាចផលិត iPhone ស្មើ២៥% របស់ការផលិតទាំងអស់ទូទាំងពិភពលោកនៅឆ្នាំ២០២៥ ៕ ប្រភព ៖ beartai BRIEF










