«កុំលូកដៃ បើមិនចង់ឱ្យរឿងរ៉ាវកាន់តែធំ!» នេះជាសារព្រមានភ្លាមៗរបស់មហាអំណាចចិនទៅកាន់ជប៉ុន ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូងដ៏រសើប បន្ទាប់ពីជប៉ុនបង្ហាញជំហររឹងមាំមិនគាំទ្រការទាមទារកម្មសិទ្ធិស្ទើរទាំងស្រុងរបស់ចិននៅសមុទ្រចិនខាងត្បូង។ ការព្រមានដ៏ម៉ឺងម៉ាត់នេះ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែល្អក់កករនោះទេ ប៉ុន្តែថែមទាំងបានអង្រួនស្ថិរភាពសន្តិសុខនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលទៀតផង។ តើការប្រឈមមុខគ្នាជាថ្មីរវាងមហាអំណាចអាស៊ីទាំងពីរ អាចនឹងរុញច្រានតំបន់សមុទ្រចិនខាងត្បូងឱ្យធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅដែរឬទេ?

ចិនបានព្រមាន និងប្រតិកម្មខ្លាំងៗជាបន្តបន្ទាប់ទៅកាន់ជប៉ុន មិនឱ្យលូកដៃជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយការព្រមានចុងក្រោយបំផុតធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែកក្កដា ឆ្នាំ២០២៦។ គោលជំហររបស់ចិន គឺចាត់ទុកជប៉ុនជា «ប្រទេសក្រៅតំបន់» និងមិនមែនជាភាគីជម្លោះផ្ទាល់ឡើយ ហេតុនេះ ជប៉ុនគួរតែប្រុងប្រយ័ត្នរាល់ពាក្យសម្តី និងទង្វើរបស់ខ្លួន ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។
.jpg)
ក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាលជប៉ុន ក្រោយពីជប៉ុនរួមជាមួយប្រទេសចំនួន ១៣ ទៀត បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី១២ ខែកក្កដា ដើម្បីគាំទ្រខួប ១០ឆ្នាំ នៃសាលក្រមតុលាការមជ្ឈត្តការអន្តរជាតិ (International Court of Arbitration) ឆ្នាំ២០១៦ ដែលច្រានចោលការទាមទារអធិបតេយ្យភាពស្ទើរទាំងស្រុងរបស់ចិននៅសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសចិនព្រមានចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាបំផុត ដើម្បីការពារអធិបតេយ្យភាពទឹកដី និងផលប្រយោជន៍សមុទ្ររបស់ខ្លួន។

ចិនចាត់ទុកសាលក្រមនេះជាក្រដាសឥតបានការ គ្មានតម្លៃ និងគ្មានឥទ្ធិពលណាមួយលើចិនឡើយ និងថា ជប៉ុនគ្មានសិទ្ធិលូកដៃ ឬវាយតម្លៃទេ ជប៉ុនត្រូវតែបញ្ឈប់ការជ្រៀតជ្រែកនាំឱ្យប៉ះពាល់ស្ថិរភាពតំបន់។ ក្រៅពីនេះ អ្នកវិភាគកងទ័ពចិនថែមទាំងបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនវត្តមានកងទ័ពជប៉ុននៅសមុទ្រចិនខាងត្បូងថា ជប៉ុនបានបញ្ជូនកងទ័ពជាង ១,៤០០នាក់ រួមទាំងនាវាចម្បាំង ទៅចូលរួមសមយុទ្ធ «Balikatan» ជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន គឺជាការបង្ហាញសាច់ដុំកងទ័ពដ៏ធំមិនធ្លាប់មានរបស់ជប៉ុន តាំងពីចប់សង្គ្រាមលោក លើកទី២។

ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi លើកឡើងថា ការដែលចិនមិនព្រមទទួលស្គាល់សាលក្រមតុលាការ ឆ្នាំ២០១៦ គឺជាការប្រឆាំងនឹងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងល្មើសច្បាប់អន្តរជាតិ។ ក្រៅពីនេះ មានសហរដ្ឋអាមេរិក ហ្វីលីពីន អូស្ត្រាលី អង់គ្លេស និងប្រទេសជាច្រើនទៀត បានបង្ហាញការគាំទ្រសេចក្តីថ្លែងការណ៍រួមប្រឆាំងនឹងចិន ដោយប្រទេសទាំងនេះបញ្ជាក់ថា ការទាមទារសិទ្ធិរបស់ចិននៅសមុទ្រចិនខាងត្បូង គឺគ្មានមូលដ្ឋានច្បាប់អន្តរជាតិឡើយ។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងចិន-ជប៉ុននាពេលនេះ គឺកំពុងប្រឈមមុខគ្នាជាថ្មី ហើយវិបត្តិសមុទ្រចិនខាងត្បូងបាននឹងរុញច្រានឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកំពុងតែល្អក់កករស្រាប់តាំងពីចុងឆ្នាំ២០២៥ មកនោះ ឱ្យកាន់តែធ្លាក់ចូលទៅក្នុងវិបត្តិការទូតដ៏ជ្រៅ។ ប្រទេសទាំងពីរបានបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួនដើម្បីកុំឱ្យឈានទៅរកការប៉ះទង្គិចដោយចៃដន្យណាមួយនាពេលអនាគត៕









