ប្រទេសចិន ៖ ក្រសួងវប្បធម៌ និងទេសចរណ៍របស់ចិនឱ្យដឹងថា ចិននឹងចាប់ផ្តើមបើកគម្រោងធ្វើដំណើរជាក្រុមម្តងទៀតទៅកាន់២០ប្រទេស ។ គេសង្ឃឹមថា នៅចុងឆ្នាំ២០២៣នេះ ភ្ញៀវទេសចរចិននឹងធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស រហូតដល់១១៥លាននាក់ ។
ក្រសួងវប្បធម៌ និងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃទី២០ ខែមករា កន្លងមកថា ចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ តទៅ ក្រុមហ៊ុនទេសចរណ៍នានា និងអ្នកផ្តល់សេវាកម្មទេសចរណ៍តាមអនឡាញ នឹងទទួលបានការអនុញ្ញាតឱ្យរៀបចំដំណើរកម្សាន្តជាក្រុមទៅបរទេស ។ ពួកគេអាចទៅកាន់២០ប្រទេសទូទាំងពិភពលោក រួមមាន ប្រទេសថៃ សហព័ន្ធអារ៉ាប់រួម អាហ្វ្រិកខាងត្បូង រុស្ស៊ី និងគុយបា ។ លើសពីនេះ សេវាកម្មកក់សំបុត្រយន្តហោះ និងកក់សណ្ឋាគារ ក៏ទទួលបានការអនុញ្ញាតដូចគ្នា ។
គួរបញ្ជាក់ថា ទីផ្សារទេសចរណ៍ជាក្រុមរបស់ចិនទៅកាន់បរទេស បានផ្អាកតាំងពីដើមឆ្នាំ២០២០មកម៉្លេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន ប្រទេសចិនបានលុបចោលវិធានការពិនិត្យកូវីដស្ទើរទាំងអស់ ដូច្នេះ ការដាក់កំហិតលើការធ្វើដំណើរទៅបរទេស ក៏បានលុបចោលផងដែរ ។
ស្ថានីយទូរទស្សន៍ CCTV ឱ្យដឹងថា បន្ទាប់ពីចិនបានផ្លាស់ប្តូរនយោបាយការចូលប្រទេស និងចេញពីប្រទេស ធ្វើឱ្យទីផ្សារទេសចរណ៍ក្រៅប្រទេសត្រឡប់មកអ៊ូអរម្តងទៀតក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្នុងនោះការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសថៃ និងម៉ាល់ឌីវ មានចំនួនកើនឡើងយ៉ាងខ្លាំង ។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានជំរុញការងាររបស់ពួកគេលើដំណើរកម្សាន្តក្រៅប្រទេស ជាពិសេស ក្រុមប្រទេសអាស៊ីអាគ្នេយ៍ដូចជា ថៃ បានក្លាយជាប្រទេសគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរចិន ខណៈមានការរឹតបន្តឹតតិចតួចក្នុងការចូលប្រទេសមកលើជនជាតិចិន ។
ជាមួយគ្នានេះ អ្នកធ្វើដំណើរកម្សាន្តបានពិចារណាជ្រើសរើសទៅកាន់ប្រទេសណាដែលងាយស្រួលស្នើសុំទិដ្ឋាការផងដែរ ដូចជា ប្រទេសថៃ និងម៉ាល់ឌីវ ដែលពួកគេអាចសម្រាកលំហែរក្នុងថ្ងៃឈប់សម្រាក ៕
ប្រភព ៖ TNN World