បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីអ្នកលេងអ៊ីនធឺណិតសម្រុកនាំគ្នាចែករំលែកនូវរូបភាពនៃបាតុភូតដុំពពករាងចម្លែកនៅក្នុងប្រទេសទួរគី មើលទៅហាក់ដូចជាយាន “UFO”​របស់មនុស្សក្រៅភព។

កាលពីពេលថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានបរទេស បានរបាយការណ៍ពីបាតុភូតពពកចម្លែកមួយនៅទីក្រុង Bursa ប្រទេសទួរគី ដែលអ្នកនិយមលេងអ៊ីនធឺណិតនាំគ្នាបង្ហោះនូវរូបភាព និងចែករំលែកឃ្លីបនៃពពកចម្លែកដែលមិនធ្លាប់ឃើញពីមុនមកនៅលើមេឃ ហើយទទួលបានការចាប់អារម្មណ៍លើសលប់ពីមនុស្សក្នុងបណ្ដាញសង្គម និងបានលើកឡើងថាពពកនេះចម្លែកមើលទៅហាក់ដូចជាយាន “UFO”​របស់មនុស្សក្រៅភព។

ពពកចម្លែកនេះបានលេចឡើងលើមេឃក្នុងទីក្រុង Bursa ប្រទេស តួកគី កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ ខណៈពេលដែលព្រះអាទិត្យកំពុងរះ ហើយផ្ទៃមេឃបានផ្លាស់ប្តូរពណ៌ពីពណ៌ទឹកក្រូចទៅជាក្រហម និងបានបង្កើតពពកនេះឡើងមើលទៅដូចជា “UFO” និងអ្នកខ្លះគិតថាវាដូចជា “កែវភ្នែក” ដែលវិភាគទៅតាមទម្រងរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្សព្វផ្សាយពេញទាំងបណ្ដាញសង្គម ទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសទួរគីបាននិយាយថា ការបង្កើតពពកដ៏ចម្លែកនេះ  បណ្តាលមកពីការប្រែប្រួលនៃខ្យល់ខ្លាំងដែលបានបក់កាត់តាមភ្នំ និងជ្រលងនានា ហើយពពកចម្លែកនេះនឹងកើតមានឡើងតាមវិធីនៃធម្មជាតិនៃខ្យល់ ហើយវានឹងរលាយបាត់ទៅវិញក្នុងរយៈពេលមួយម៉ោងក្រោយបន្ទាប់៕ ប្រភព៖ Khaosod