អន្តរជាតិ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង ដែលបំពាក់ដោយអាវុធល្បឿនលឿនជាងសំឡេង នឹងចូលរួមក្នុងសមយុទ្ធជាមួយកងទ័ពជើងទឹកចិន និងអាហ្វ្រិកខាងត្បូងក្នុងខែកុម្ភៈខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។

នាវាចម្បាំងនេះត្រូវបានបំពាក់ដោយកាំជ្រួច Zircon ដែលហោះក្នុងល្បឿនសំឡេងប្រាំបួនដង និងមានរយៈចម្ងាយឆ្ងាយជាង ១,០០០គីឡូម៉ែត្រ។ កាំជ្រួច ទាំង នោះបានក្លាយ ជា ចំណុច កណ្តាល នៃ ឃ្លាំង អាវុធ លឿន ជាង សំឡេង របស់ រុស្ស៊ី រួម ជា មួយ នឹង យាន Avangard glide ដែល ចូល កាតព្វកិច្ច ប្រយុទ្ធ ក្នុង ឆ្នាំ ២០១៩។

TASS បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនដោយដកស្រង់ប្រភពការពារដែលមិនស្គាល់អត្តសញ្ញាណថា “ឧត្តមនាវី Gorshkov” … នឹងទៅកាន់ចំណុចគាំទ្រផ្នែកដឹកជញ្ជូននៅ Tartus របស់ប្រទេសស៊ីរី ហើយបន្ទាប់មកចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកចិន និងអាហ្វ្រិកខាងត្បូង។

កងកម្លាំងការពារជាតិអាហ្រ្វិកខាងត្បូង បាននិយាយថា សមយុទ្ធនេះនឹងដំណើរការចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅជិតទីក្រុងកំពង់ផែ Durban និង Richards Bay នៅលើឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង។ដោយការធ្វើសមយុទ្ធរួមនេះមានគោលបំណង “ពង្រឹងទំនាក់ទំនងដែលកំពុងរីកចម្រើនរួចទៅហើយរវាងអាហ្វ្រិកខាងត្បូង រុស្ស៊ី និងចិន” ។

ដោយឡែកកងកម្លាំងការពារជាតិបានបន្ថែមទៀតថា នេះជាសមយុទ្ធធ្វើជាលើកទីពីរហើយ ដែលមានការចូលរួមពីប្រទេសទាំងបីនៅអាហ្វ្រិកខាងត្បូង បន្ទាប់ពីសមយុទ្ធនៅឆ្នាំ២០១៩ ៕