ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១៩ ខែមករា សារព័ត៌មានរ៉យទ័ររាយការណ៍ថា អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ជាបុគ្គលម្នាក់ដែលស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន លោក វ្ល៉ាឌីមៀ ពូទីន គំរាមថា បើកងទ័ពរុស្ស៊ីចាញ់ក្នុងការវាយលុកនៅប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យកើតសង្គ្រាមនុយក្លេអ៊ែរ ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយគំរាមបែបនេះទៅកាន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលនឹងប្រជុំរួមគ្នានៅប្រទេសអាល្លឺម៉ង់ ។ ការគំរាមពីសង្គ្រាមនុយក្លេអ៊ែរបានធ្វើឱ្យមានការបារម្ភយ៉ាងខ្លាំងពីប្រទេសជាច្រើន ខណៈវាជាលើកទី១ ដែលបុគ្គលក្នុងជួរដឹកនាំបាននិយាយពីការចាញ់សង្គ្រាមរបស់កងទ័ពរុស្ស៊ី ។Former Russian leader Medvedev says Kishida should ritually disembowel  himself | The Japan Times

បច្ចុប្បន្ន លោកអតីតប្រធានាធិបតី Dmitry Medvedev កាន់តំណែងជាប្រធានសភាក្រុមប្រឹក្សាសន្តិសុខជាតិបញ្ជាក់ថា ការបរាជ័យរបស់មហាអំណាចនុយក្លេអ៊ែរក្នុងសមរភូមិអាចបង្កើតជាសង្គ្រាមនុយក្លេអ៊ែរ ព្រោះមហាអំណាចនុយក្លេអ៊ែរមិនដែលចាញ់ក្នុងជម្លោះណាមួយឡើយ ។ អតីតប្រធានាធិបតីរូបនេះក៏បានអំពាវនាវទៅកាន់ណាតូថា គួរតែគិតពីមហន្តរាយដែលកើតឡើងផងដែរ ខណៈណាតូនឹងប្រជុំដាក់ផែនការគាំទ្រប្រទេសអ៊ុយក្រែន និងធ្វើយ៉ាងណា ឱ្យរុស្ស៊ីចុះចាញ់ ។

គួរបញ្ជាក់ថា រុស្ស៊ីនិងសហរដ្ឋអាមេរិក គឺជាប្រទេសអំណាចខាងនុយក្លេអ៊ែរធំបំផុត គឺស្មើ៩០%នៃនុយក្លេអ៊ែរទាំងអស់ក្នុងពិភពលោក ។ ខាងប្រទេសរុស្ស៊ីមានមនុស្សតែម្នាក់គត់ដែលអាចបញ្ជាឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរបាន គឺលោកប្រធានាធិបតី ពូទីន ។Report to Congress on Russian Nuclear Weapons - USNI News

បើទោះជាណាតូមានកម្លាំងយោធាខ្លាំងជាងរុស្ស៊ីក៏ដោយ ប៉ុន្តែរុស្ស៊ីមានថាមពលនុយក្លេអ៊ែរលើសប្រទេសណាតូទាំងអស់រួមបញ្ចូលគ្នា (មិនរាប់សហរដ្ឋអាមេរិក) ។ តាមការវាយតម្លៃរបស់អ្នកជំនាញថា នឹងគ្មានប្រទេសណាមួយក្នុងពិភពលោកគេចផុតពីសង្គ្រាមនុយក្លេអ៊ែរទេ ។

ការឈ្លានពានរបស់កងទ័ពរុស្ស៊ីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាលឱ្យកើតសង្គ្រាមដ៏ធំបំផុតនៅទ្វីបអឺរ៉ុបតាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ និងចាត់ទុកថា ជាការប្រឈមមុខគ្នាខ្លាំងក្លារវាងប្រទេសលោកខាងលិច និងរុស្ស៊ី ៕

ប្រភព ៖ khaosod