បរទេស៖ លោក ស៊ី ជីនពីង(Xi Jinping)បានសម្ដែងការព្រួយបារម្ភ និងការភ័យខ្លាចពីហានីភ័យនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់”ជនបទ” ក្រោយពីមានចំនួនប្រជាជនយ៉ាងច្រើនកុះករសម្រុកនាំគ្នាទៅប្រារព្ធពីធីបុណ្យចូលឆ្នាំចិននៅស្រុកកំណើរ ហើយក្នុងនោះលោកបានបញ្ជាឱ្យបង្កើនកម្រិតនៃការបង្ការឱ្យបានខ្ពស់ផងដែរ។

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ សារព័ត៌មាន AFP បានរាយការណ៍ថា លោកស៊ី ជីនពីង (Xi Jinping) មេដឹកនាំប្រទេសចិន បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៃការរីករាលដាលនៃកូវីដ-១៩ នៅតាមតំបន់ជនបទ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានត្រឡប់ទៅស្រុកកំណើតជាបណ្តើរៗក្នុងអំឡុងពេលនៃការប្រារព្ធ ពិធីបុណ្យចូលឆ្នាំចិន។

ជាមួយគ្នានោះ លោក Xi Jinping ក៏បានបញ្ជាឱ្យបង្កើនកម្រិតនៃការបង្ការឱ្យបានតឹងរ៉ឹង ព្រមទាំងរំលឹកឡើងវិញនូវតម្រូវការ ក្នុងការពន្លឿនការធ្វើឱ្យប្រសើរឡើងនូវការថែទាំវេជ្ជសាស្រ្តនៅតាមតំបន់ជនបទជាពិសេសអ្នកដែលងាយរងគ្រោះពីជំងឺកូវីដនៅតាមជនបទឱ្យកាន់តែខ្លាំង។

បន្ថែមពីនោះលោកក៏បានលើកឡើងថា ការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតក្នុងប្រទេសបានឈានចូលដំណាក់កាលថ្មីមួយ ហើយប្រទេសកំពុងតែស្ថិតក្នុងពេលវេលានៃការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ហើយស្ថានភាពនេះត្រូវពិភាក្សាអំពីចំណុចខ្វះខាតនៃការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ជនបទផ្ទាល់ ខណៈពេលដែលប្រជាជនជាច្រើននាំគ្នាសម្រុកធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិនដែលជាឱកាសយ៉ាងងាយស្រួលពីការរីករាលដាលនៃជំងឺ។

យ៉ាងណាមិញនៅថ្ងៃដដែល អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសចិនបាននិយាយថា ខ្លួនរំពឹងថានឹងមានការធ្វើដំណើរច្រើនជាង ២ ពាន់លានដង ជាមួយមនុស្សជាង ៣០.២ លាននាក់ធ្វើដំណើរទូទាំងប្រទេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ៕ ប្រភព៖ Khaosod