ប្រទេសរុស្ស៊ី ៖ ប្រទេសរុស្ស៊ីបានទទួលប្រាក់ចំណូលពីអាជីវកម្មប្រេង និងឧស្ម័ន កើនឡើង២៨% កាលពីឆ្នាំ២០២២ កន្លងមក ទោះបីជារុស្ស៊ីប្រឈមមុខនឹងការមិនទទួលទិញពីប្រទេសលោកខាងលិចក្តី ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌ័រ ណូវ៉ាក់ បានបង្ហាញថា ប្រាក់ចំណូលក្នុងឆ្នាំ២០២២ ពីឧស្សាហកម្មប្រេង និងឧស្ម័ន បានកើនឡើង២៨% បើធៀបនឹងឆ្នាំ២០២១ ។
លោក ណូវ៉ាក់ បន្តថា ទោះបីប្រទេសរុស្ស៊ីបានប្រឈមនឹងការមិនទទួលទិញពីប្រទេសមិនមែនជាមិត្ត ប៉ុន្តែការផលិតប្រេងរបស់រុស្ស៊ីកាលពីឆ្នាំ២០២២ ស្មើប្រមាណ៥៣៥លានតោន កើនឡើង១០លានតោនបើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចេញប្រេងរបស់រុស្ស៊ីកើនឡើង៧% ។
ក្រៅពីនេះ លោក ណូវ៉ាក់ បន្ថែមថា រីឯការនាំចេញឧស្ម័នធម្មជាតិរាវបានកើនឡើង៨% ស្មើ៤៦.០០០លានម៉ែត្រគូប ប៉ុន្តែការនាំចេញតាមបំពង់បង្ហូរឧស្ម័នបានថយចុះ ដោយសារប្រទេសមិនចំនួនមិនទទួលទិញ និងការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nordstream ផងដែរ ។
ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ទោះបីឆ្នាំមុន រុស្ស៊ីបានប្រឈមនឹងការលំបាកក្តី ប៉ុន្តែវិស័យថាមពល និងឥន្ធនៈនៅតែដំណើរការបានយ៉ាងល្អ ហើយទប់ទល់នឹងបញ្ហាប្រឈមខាងក្រៅសម្រាប់ស្ថេរភាពថាមពលរបស់រុស្ស៊ី ៕ ប្រភព ៖ TNN World