ប្រទេសអូស្ត្រាលី ៖ ទង់ជាតិរបស់ប្រទេសរុស្ស៊ី និងបេឡារុស ត្រូវបានគេហាមឃាត់ដាក់នៅលើដងទង់នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី ក្នុងការប្រកួតវាយកូនបាល់ (Australian Open) បន្ទាប់ពីឯកអគ្គរាជទូតអ៊ុយក្រែនប្រចាំប្រទេសអូស្ត្រាលីស្នើសុំ ។

លោក Vasil Myroshnychenko ឯកអគ្គរាជទូតអ៊ុយក្រែនប្រចាំអូស្ត្រាលី និងនូវែលសេឡង់ បានបង្ហោះរូបទង់ជាតិរុស្ស៊ី ដែលស្ថិតនៅលើដងទង់ក្នុងទីលានវាយកូនបាល់នៅទីក្រុង Melbourne ។

កីឡាការិនីវាយកូនបាល់ម្នាក់ជនជាតិអ៊ុយក្រែនបានបង្ហោះក្នុង Twitter របស់នាងពីការប្រកួតលើកដំបូងកាលពីថ្ងៃទី១៧ ខែមករា ដោយនាងបង្ហាញការមិនពេញចិត្តដែលគេយកទង់ជាតិរបស់រុស្ស៊ីដាក់លើដងទង់ក្នុងទីលានប្រកួតវាយកូនបាល់ ហើយស្ថានទូតអ៊ុយក្រែនក៏បានអំពាវនាវឱ្យអ្នកដឹកនាំការប្រកួត Australian Open យកទង់ជាតិរុស្ស៊ីចេញ ។

ទោះយ៉ាងណា អ្នកដឹកនាំការប្រកួតបានធ្វើតាមតម្រូវការរបស់ស្ថានទូតអ៊ុយក្រែន ដោយការមិនយកទង់ជាតិរុស្ស៊ី និងបេឡារុសដាក់លើដងទង់ក្នុងបរិវេណទីលានប្រកួត ខណៈអ្នកដឹកនាំការប្រកួតវាយកូនបាល់បាននិយាយទៅកាន់កីឡាករ កីឡាការិនី និងអ្នកគាំទ្រទាំងអស់ដើម្បីបង្កើតបរិយាកាសល្អ និងរីករាយ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ កីឡាករវាយកូនបាល់ជនជាតិរុស្ស៊ី និងបេឡារុស ត្រូវបានគេហាមឃាត់ចូលរួមប្រកួតក្នុងកម្មវិធី Grand Slam នៅប្រទេសអង់គ្លេស ។ សម្រាប់កម្មវិធី (Australian Open) កីឡាករវាយកូនបាល់មកពីប្រទេសរុស្ស៊ី និងបេឡារុសអាចចូលរួមប្រកួតបាន ប៉ុន្តែមិនមែនក្នុងនាមក្រុមជម្រើសជាតិទេ ។

ចំណែកប្រទេសបេឡារុស ត្រូវបានរុស្ស៊ីប្រើប្រាស់ធ្វើជាទីតាំងសំខាន់របស់រុស្ស៊ីសម្រាប់ប្រតិបត្តិការកងទ័ពប្រឆាំងអ៊ុយក្រែន ធ្វើឱ្យគេហាមឃាត់ទង់ជាតិបេឡារុសមិនឱ្យចងលើដងក្នុងការប្រកួតលើកនេះ ៕ ប្រភព ៖ TNN World